(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ចូលរួមសម្ភោធយុទ្ធនាការព័ណ៌ទឹកក្រូច ក្នុងសហគមន័ដើម្បីបញ្ឈប់អំពើហិង្សាលើស្ដ្រី នៅសាលាខណ្ឌឬស្សីកែវ។
ពិធីនេះដែរ ក៏មានការចូលរួមពី លោកស្រី ឡោក ខេង សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ លោកស្រី ខ្លែ វ៉ានដឺ វៀរ៉េន (Clalre Van der Vaeren) អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ព្រមទាំង លោកស្រី ដែលមកពីតំណាងក្រសួង ស្ថាប័ននានា ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា រួមនិងតំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ប្រធានក្រុមប្រឹក្សាខណ្ឌភិបាលរងខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង អធិការ បញ្ជាការ អាវុធហត្ថ ប៉ូលីសប៉ុស្ដិ៍ ប្រជាការពារ គណៈកម្មការស្ត្រី និងកុមារ និងក្រុមយុវជនជាច្រើននាក់ផងដែរ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា វឌ្ឍនភាពនានា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក៏ដូចជាទិន្នន័យទាក់ទង និងអំពើហិង្សាលើស្ត្រី និងកុមារ ជាក់ស្ដែងយោងតាមរបាយការណ៍ បូកសរុបទិន្នន័យ និងរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាននូវទូទាំងដែនសមត្ថកិច្ចរបស់ខណ្ឌឆ្នាំ២០១៥ មានករណីហិង្សាសរុប៨ករណី ក្នុងនោះប្រភេទអំពើហិង្សា ក្នុងគ្រួសារមាន៣ករណី ហើយអាជ្ញាធរ បានធ្វើការដោះស្រាយទៅតាមនិតិវិធី ចំណែកករណីរំលោភសេពសន្ទវៈ មាន៥ករណី រីឯជនល្មើសត្រូវបានបញ្ជូនទៅតុលាការដោះស្រាយតាមនិតិវិធី។ ដោយឡែក សម្រាបឆមាសទី១ គិតចាប់ពីខែមករា រហូតដល់ខែ មិថុនា ឆ្នាំ២០១៦ មានករណីអំពើហិង្សាសរុប៤ករណី ហើយត្រូវបានអាជ្ញាធរធ្វើការដោះស្រាយទៅតាមច្បាប់ និងបញ្ជូនជនល្មើសទៅតុលាការ ។
លោក ជា ពិសី បានលើកឡើងទៀតថា ប្រសិនជាធ្វើការប្រៀ បធៀបករណីអំពើហិង្សាលើស្ត្រីរវាងឆ្នាំ២០១៥ និងឆមាស ទី១ ឆ្នាំ២០១៦ ឃើញថាករណីអំពើហិង្សាមានការកាត់បន្ថ យគួរឲ្យកត់សម្គាល់ ជាពិសេសករណីរំលោភសេពសន្ទវៈ ហើយការថយចុះនេះ ក៍ដោយសារមានការយកចិតទុកដាក់ ខ្ពស់ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចូលរួមខិតខំ ប្រឹងប្រែង ធ្វើការផ្សប់ផ្សាយអប់រំដល់ ប្រជាពលរដ្ឋនៅតាមស ហគមន៍ក្នុងមូលដ្ឋានខណ្ឌផងដែរ ។
លោកអភិបាលខណ្ឌ បន្តថា ក្នុងនាមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានតួនាទីយ៉ាងសំខាន់ធ្វើជាគំរូ និងជាអាណាព្យាបាល ផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋគ្រប់រូប នៅក្នុងមូលដ្ឋាន ដោយគ្មានការរើសអើង និងមានតម្លាភាព។ សម្រាប់យុទ្ធនាការ ពណ៍ទឹកក្រូច នាពេលនេះ គឺជាសកម្មភាពថ្មីមួយដែលបានផ្សាភ្ជាប់តួនាទី និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេស ការចូលរួមរបស់បុរសត្រូវ បានទទួលស្គាល់ថា ជាក្រុមគោលដៅយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ អំពើហិង្សាលើស្ត្រីទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ព្រោះថាភាគច្រើន នៅពេលដែលមានអំពើហិង្សាកើតឡើង ស្ត្រីនិងកុមារ ក្លាយជាជនរងគ្រោះ ហើយបុរសជាជនល្មើស។
លោក ក៏បានបញ្ជាក់ផងដែរថា បទពិសោធន៍ជាក់ស្ដែងមួយ ស្ត្រី និងក្មេងស្រី ដែលទទួលរងគ្រោះដោយអំពើហិង្សា និងការរំលោភបំពាននានា ការបៀតបៀនផ្លូវភេទជនរងគ្រោះពិតជា មានអារម្មណ៍ភ័យខ្លាចតក់ស្លុត ធ្វើឲ្យមានភាពខ្មាស់អៀន ហើយវាពិតជាទាមទារ ឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្កភាពងាយស្រួលទំនុកចិត ផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់ស្ដាប់ នៃការរាយការណ៍ ជាជាងការស្ដីបន្ទោស អំពីស្ថានភាពនានា របស់ជនរងគ្រោះ ដូចជាមកពីជនរងគ្រោះ ស្លៀកពាក់ស៊ិចស៊ី ឫដើរហើរនៅពេលយប់ និងហេតុផលដ៏ទៃទៀត ដែលជនប្រព្រត្តបទល្មើស យកធ្វើជាលេស ឫដោយកត្តាផ្នត់គំនិតអវិជ្ជមាននានា នៅក្នុងសង្គមដែលជាមូល ហេតុជម្រុញឲ្យបុរសមួយចំនួនប្រព្រឹត្តអំពើហិង្សា និងការរំលោភបំពានទៅលើស្ត្រី ក្មេងស្រី ដោយចាត់ទុកពួកគេ ជាវត្ថុសម្រាប់កំសាន្ដអារម្មណ៍ ។
លោក ជា ពិសី បានឲ្យដឹងទៀតថា «ដើម្បីឆ្លើយតបនឹងបញ្ហានេះ វាពិតជាចាំបាច់ទាមទារឲ្យមានការចូលរួម ផ្ដល់អន្តរាគមន៍ទាន់ពេលវេលា ជាពិសេសការលើកទឹកចិត្តដល់ជនរងគ្រោះជាស្ត្រីក្លាហាន ហ៊ានរាយការណ៍ពីស្ថានភាពនៃអំពើហិង្សាដែលខ្លួន បានជួបប្រទះ និងដាក់ពាក្យបណ្ដឹង ចាប់ជនប្រព្រឹត្តបទល្មើស ទាន់ពេលវេលា ហើយទាំងអស់គ្នា អាចធ្វើការគិត យ៉ាងសាមញថា ប្រសិនជាជនរងគ្រោះទាំងនោះ ជាសាច់ ញាតិរបស់យើង តើយើងមានអារម្មណ៍បែបណា? ហើយប្រសិន ជាជនប្រព្រត្តបទល្មើសទាំងអស់នោះ មិនទទួលបានការដាក់ទោសទណ្ឌ តាមផ្លូវច្បាប់ទេនោះ តើស្ថានភាពទាំងអស់នោះ និងក្លាយទៅជាយ៉ាងណា? វាប្រាកដណាស់ថា ថ្ងៃណាមួយ ករណីទាំងនោះវាក៏អាចកើតមានឡើងមកលើកូនស្រី បងស្រី ប្អូនស្រី ឫសាច់ញាតិជាស្រីរបស់យើងនៅថ្ងៃណាមួយជាក់ជាពុំខាន»៕