(ភ្នំពេញ)៖ ចូលមកដល់ឆ្នាំថ្មីឆ្នាំ២០២៤នេះក្រុមអ្នកវិភាគផ្នែកសង្គមនៅកម្ពុជា បានបង្ហាញក្តីសង្ឃឹម ជឿជាក់ថា ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននឹងកាន់តែរឹងមាំ គង់វង្សស្ថិតស្ថេរដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ផ្នែកលើទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានពង្រឹងពង្រីកកាលពីឆ្នាំចាស់កន្លងមកទៅ និងការសហការគ្នាជាបន្តបន្ទាប់ រវាងថ្នាក់ដឹកនាំកម្ពុជាចិន គឺប្រទេសទាំងពីរកាន់តែយល់ចិត្តគ្នា ហើយគាំទ្រគ្នាគ្រប់កាលៈទេសៈ។ កាលពីឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ កម្ពុជាចិនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិនធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុត។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិនបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ប្រសិនជាមិនរាប់បញ្ចូលដល់ប្រវត្តិទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលមានអាយុកាលមិនតិចជាង២០០០ឆ្នាំ នោះឆ្នាំ២០២៤នេះគឺជាការបើកទំព័រនៃខួប៦៦ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំថ្មីឆ្នាំ២០២៤នេះ ខ្ញុំរំពឹងថាទំនាក់ទំនងកម្ពុជា-ចិន កាន់តែរឹងមាំនិងពោរពេញដោយវឌ្ឍនភាពចម្រើនបន្ថែមទៀត។

លោកបណ្ឌិតបន្តថា កម្ពុជានិងចិនជាដៃគូដ៏មានសក្តានុពលរួមគ្នា នៅក្នុងកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ»ដែលមានអាយុកាលជាង១ទសវត្សរ៍កន្លងមកនេះ។ ឆ្នាំ២០២៤នេះ កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន នឹងបង្កើនកម្លាំងកាន់តែខ្លាំងដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសយើងទាំងពីរ ហើយក៏ជាការជំរុញបន្ថែមទៀត នូវការតភ្ជាប់ជាមិត្តភាពរវាងប្រទេសយើងទាំងពីរ។

លោកបណ្ឌិតថា «ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្រោងស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ត្រូវបានអនុវត្ត និងទទួលបានសមិទ្ធផលជាផ្លែផ្កា ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុការ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរយៈពេលជាង១ឆ្នាំកន្លងមកនេះ បន្ថែមពីលើកិច្ចព្រមព្រៀងRCEPក៏បានចូលជាធរមានរយៈពេល២ឆ្នាំកន្លងមក ដែលបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំង ដល់កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច របស់កម្ពុជាដែលទទួលបានការគាំទ្រពីប្រទេសចិន លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ។ ក្នុងន័យនេះបានផ្តល់សក្ខីកម្មយ៉ាង ប្រត្យក្សពីទឡ្ហីករណ៍ ដែលគូសរំលេចពីកត្តាលីករនាំឱ្យ ទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជានិងចិនឈានដល់កម្រិតខ្ពស់បំផុត»។

លោក គង់ សិរីរ័ត្ន អ្នកតាមដានផ្នែកទំនាក់ទំនងកម្ពុជា-ចិនបានបង្ហាញការមើលឃើញថា មានមូលហេតុច្រើនយ៉ាងដែលនឹងជំរុញឱ្យ ទំនាក់ទំនងកម្ពុជាចិននឹងកាន់តែរឹងមាំក្នុងឆ្នាំ២០២៤នេះ។ លោកនិយាយថា៖ «មានមូលហេតុច្រើនណាស់ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជាចិន ឈានដល់កម្រិតខ្ពស់បំផុត គឺកត្តាគាំទ្រគ្នា ការទុកចិត្តគ្នា មានទំនាក់ទំនងវិស័យការទូត នយោបាយគ្រប់កម្រិតទាំងអស់។ ជាក់ស្តែងក្នុងកិច្ចប្រជុំខ្សែក្រវាត់និងផ្លូវ កាលពីខែតុលាឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងប្រទេសចិន យើងឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីងភីង បានឯកភាពគាំទ្រការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន”។ ក្នុងនោះយើងក៏ឃើញភាគីទាំងពីរបានជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយថ្នាក់ដឹកនាំចិន និងកម្ពុជាតែងតែបញ្ជាក់ច្បាស់ៗថា នឹងគាំទ្រគ្នាទៅវិញទៅមក»។
អ្នកវិភាគ និងសង្គមស៊ីវិលនៅកម្ពុជាបានវាយតម្លៃថា ឆ្នាំ២០២៤នេះ គឺជាការបើក នៃទំនាក់ទំនងការទូតលើកទី៦៦ឆ្នាំរវាងកម្ពុជាចិន ពោលគឺមិនថាក្នុងក្របខ័ណ្ឌទ្វេភាគី ឬពហុភាគីឡើយកម្ពុជាចិន តែងតែបង្ហាញការគាំទ្រគ្នាជានិច្ច ដើម្បីនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាពក្នុងតំបន់ និងអន្តរជាតិ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន