(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានជំរុញមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរទាំងអស់ ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនឲ្យប្រសើឡើងបន្ថែមទៀត សម្រាប់ឆ្នាំ២០២៤នេះ ដើម្បីធ្វើយ៉ាងណាឲ្យការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្តនូវផែនការសកម្មភាពទិសដៅការងាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនប្រសើរឡើង។

ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ នៅសាលាខេត្តព្រៃវែង។

លោក សួន សុម៉ាលីន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ អស់រយៈពេលមួយឆ្នាំកន្លងទៅនេះ ទទួលបានលទ្ធផលគួរជាទី មោទនៈសម្រាប់ឆ្នាំ២០២៣ នឹងត្រូវបន្តរួមគំនិត ស្មារតី ដើម្បីបន្ត ខិតខំអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤នេះ ធ្វើយ៉ាងណាឲ្យស្របទៅនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែល បានដាក់ចេញឲ្យទទួលបានជោគជ័យ។

អភិបាលខេត្ត បានលើកឡើងអំពីភាពរីកចម្រើននៃវិស័យកីឡានៅក្នុងខេត្តព្រៃវែងសព្វថ្ងៃនេះ បានរីកចម្រើនយ៉ាងខ្លាំងទាំងក្រុមកីឡាករ ទាំងការលេងគឺធ្វើឲ្យបណ្ដាខេត្តដទៃទទួលស្គាល់ពីសមត្ថភាព នៃការលេងនៃកីឡាកររបស់ ខេត្តព្រៃវែងផងដែរ។ លោកបានណែនាំដល់ប្រធានមន្ទីរអគ្គីសនីខេត្ត ត្រូវពន្លឿនក្នុងការតបណ្តាញប្រព័ន្ធអគ្គិសនីឲ្យបានគ្រប់ទីកន្លែងតាមការស្នើសុំរបស់ប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បីឲ្យមានភ្លើងគ្រប់ នៅតាមភូមិឋាន គ្រប់កន្លែងទាំងអស់សម្រាប់ខេត្តព្រៃវែង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំមន្ទីរធនធានទឹកខេត្ត ត្រូវខិតខំក្នុងការជួយសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការទឹកក្នុងការស្រោចស្របស្រូវរដូវប្រាំងរបស់ពលរដ្ឋផងដែរ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ មករា ឆ្នាំ២០២៤ លោកអភិបាលខេត្ត បានធ្វើការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ពីស្ថានីយ៍បូមទឹកទី២ (វៃគោ១) ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ដោយប្រើប្រាស់រយៈពេលបូមចំនួន ៤៦ ម៉ោង ២០នាទី ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ខ្សែទី១ ប្រវែង ២៨ គ.ម ទទួលបានទឹកចំនួន ១.៩៥៧.៨៨០ម៉ែត្រគីប សម្រាប់ស្រោចស្របក្នុងឃុំទាំង០៦ ស្មើនឹង ៣២ភូមិ នៃស្រុកស្វាយអន្ទរ ដែលមានគ្រួសារទទួលផល ចំនួន ៣.៤០៧ គ្រួសារ និងផ្ទៃដីដាំដុះ ចំនួន ២.៩៦៩ ហិចតា៕