(តាកែវ)៖ បន្ទាប់ពីការហែក្បួនទៅសាលាខេត្តតាកែវកាលពីម្សិលមិញដើម្បីឲ្យលោកអភិបាលខេត្តតាកែវជួយអន្តរាគមន៍ ដកអ្នកគ្រប់គ្រងរោងចក្រជនជាតិខ្មែរមិនបានសម្រេចរួចមក នៅព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៦នេះ ក្រុមកម្មកររោងចក្រខេមបួថិច ត្រេងឌីង ខេមភេនី ជាង១ពាន់នាក់បាននាំគ្នាបិទផ្លូវវាងក្រុងដូនកែវ ខេត្តតាកែវបណ្ដាលឲ្យរថយន្តមួយចំនួនបានកកស្ទះពេញផ្លូវ ដើម្បីបន្តទាមទាររបស់ពួកគេដដែល។
ការតវ៉ានេះក្រុមកម្មករនៅតែបន្តលើកបដាដោយទាមទាឲ្យក្រុមហ៊ុនបញ្ឈប់អ្នកគ្រងរោងចក្រជាស្រ្តីខ្មែរម្នាក់ឈ្មោះ ផាន់ សុភ័ក្រ ដែលត្រូវបានក្រុមកម្មករធ្វើការចោទប្រកាន់ថា បានជេប្ររមាថកម្មករដូចឆ្កែឆ្មា និងបានបញ្ឈប់កម្មករមួយចំនួនដោយគ្មានហេតុផល។
បើទោះបីជាមានការចុះទៅសម្របសម្រួលពីលោកអភិបាលរងក្រុងដូនកែវ កង អាណាន់ ដោយស្នើសុំឲ្យកម្មករទាំងអស់រងចាំដំណោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងរង់ចាំលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ អភិបាលខេត្តតាកែវវិលត្រឡប់មកពីប្រទេសចិនវិញក្ដី ក៏ក្រុមកម្មករនៅតែបន្តបិទផ្លូវមិនឲ្យរថយន្តធ្វើដំណើរឆ្លងកាត់នោះទេ។
គួរបញ្ជាក់ថា ក្រុមកម្មករបានធ្វើការតវ៉ាជាង១សប្ដាហ៍មកហើយដើម្បីទាមទាលក្ខខណ្ឌការងារ៩ចំណុចពីក្រុមហ៊ុន ហើយលក្ខខណ្ឌចំនួន៨ត្រូវបានដោះស្រាយរួចរាល់ នៅសល់តែលមួយទៀតប៉ុណ្ណោះ គឺការទាមទាឲ្យដកអ្នកគ្រប់គ្រងរោងចក្រត្រូវបានថៅកែក្រុមហ៊ុនទាត់ចោល ដោយបានថៅកែបានព្រលយពាក្យថា សុខចិត្តបិទរោងចក្រចោលគាត់មិនដកអ្នកគ្រប់គ្រងរោងចក្រ ផាន់ សុភ័ក្រ នេះចេញទេ៕