(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលផុតលេខ របស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានសាររព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA ចេញផ្សាយសម្តីរបស់លោកបានថ្លែងថា លោក គីម ចាត់ទុកការបាញ់ គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ចេញពីនាវាមុជទឹក (SLBM) គឺជាភាពជោគជ័យដ៏អស្ចារ្យបំផុត សម្រាប់ប្រជាជាតិកូរ៉េខាងជើង។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦។
ការបាញ់មីស៊ីល នៅព្រឹកថ្ងៃពុធម្សិលមិញនេះ បានបង្ហាញពី «អំណាចយោធាជួរមុខ ដែលត្រូវបានបំពាក់ដោយ សមត្ថភាពប្រើប្រាស់នុយក្លេអ៊ែរយ៉ាងពេញទំហឹង» និងអាចធ្វើការកំណត់ ទិសដៅវាយប្រហារដល់ទឹកដីអាមេរិក និង តំបន់ប៉ាស៊ីហ្វិកទាំងមូលបានហើយ។ KCNA បានចេញផ្សាយដោយយោងតាមសម្តីរបស់លោក គីម បានបង្ហាញថា លោកកំពុងមានមោទនភាពខ្ពស់ លើសក្តានុពលយោធារបស់ខ្លួន។ លោក គីម ជុងអ៊ុន ក៏កំពុងជំរុញវិស្វករជំនាញ ឲ្យសម្រេចឲ្យបាននូវបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើតួមីស៊ីល ឲ្យចេញជាលទ្ធផលក្នុងពេលឆាប់ៗផងដែរ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការពារជាតិជប៉ុន គ្រាប់មីស៊ីល SLBM ត្រូវបានបាញ់ចេញពីដែនទឹកនៃឆ្នេរ Sinpo ក្នុងខេត្ត Hamgyong ខាងត្បូងរបស់កូរ៉េខាងជើង កាលពីវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃពុធ ដែលវាបានហោះចម្ងាយ ៥០០គីឡូម៉ែត្ររួចក៏បានធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន។ មុននឹងធ្វើការបាញ់នេះ កូរ៉េខាងជើងធ្លាប់បាន ព្រមានម្តងរួចមកហើយថា ខ្លួននឹងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសមយុទ្ធ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាន់តែបង្កការគំរាមកំហែងខ្លាំងមកលើកូរ៉េខាងជើងនោះ៕