(ពោធិ៍សាត់)៖ ក្នុងអំឡុងទិវាចូលឆ្នាំសាកល២០២៣ ឈានចូលឆ្នាំ២០២៤ ពោលគិតចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅទូទាំងខេត្តពោធិ៍សាត់ មានទេសចរមកលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង២៨កន្លែង សរុបចំនួន ៣៩,៨៨៩នាក់ ក្នុងនោះទេសចរជាតិ ៣៩,៨០៤នាក់ និងទេសចរបរទេស ៨៥នាក់។

នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលភ្នាក់ងារព័ត៌មាន Fresh News ទើបនឹងទទួលបាន នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា ស្ថិតិភ្ញៀវទេសចរ តាមរមណីយដ្ឋាននានា ទាំង២៨កន្លែង ក្នុងខេត្តពោធិ៍សាត់ នាអំឡុងទិវាចូលឆ្នាំសាកល សរុបមានចំនួន ៣៩,៨៨៩នាក់ ក្នុងនោះទេសចរជាតិ មានចំនួន៣៩,៨០៤នាក់ និងទេសចរបរទេស មានចំនួន៨៥នាក់។ បើប្រៀបធៀបនឹងទិវាចូលឆ្នាំសាកល ឆ្នាំមុន ដែលមានរយៈពេល៣ថ្ងៃដូចគ្នា ទេសចរមានការកើនឡើង ៣០,៦៥% (ខណៈដែរភ្ញៀវទេសចរ ឆ្នាំ២០២៣ មានចំនួន៣០,៤៦១នាក់)។

ប្រភពបានបន្ថែមថា សម្រាប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ទេសចរបានមកលេងកម្សាន្ត ក្នុងខេត្តពោធិ៍សាត់ មានចំនួន១,២៤០នាក់ ក្នុងនោះស្រី ៦៣២នាក់ បើប្រៀបធៀននឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ទេសចរមានការថយចុះ ៩៥,២៩%។

ជាមួយគ្នា ក្នុងចំណោមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ នៅទូទាំងខេត្តពោធិ៍សាត់ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ដែលភ្ញៀវទេសចរ មានការចាប់អារម្មណ៍ខ្ពស់ គឺនៅស្រុកវាលវែង (ភ្នំ១៥០០, ឃុំអូរសោម, ឃុំថ្មដា និងឃុំអន្លង់រាប), នៅក្រុងពោធិ៍សាត់ (កោះសំពៅមាស) និងនៅស្រុកក្រគរ (ទឹកធ្លាក់ច្រកល្អៀង)។ ចំណែករមណីយដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួនទៀត ក៏មានទេសចរទៅលេងកម្សាន្តច្រើនគួរសមផងដែរ ដូចជានៅស្រុកក្រគរ រមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ «ភ្នំនាគស» និងភូមិបណ្តែតទឹកកំពង់លួង។ 

សូមជម្រាបជូនថា នៅមុនថ្ងៃបុណ្យឆ្លងឆ្នាំ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងនៅតាមតំបន់ទេសចរណ៍នីមួយៗ ត្រូវឆ្នៃប្រឌិតបង្កើតកម្មវិធីកម្សាន្ត ជូនប្រជាពលរដ្ឋសប្បាយៗ ក្នុងមូលដ្ឋានរបស់ខ្លូន ក្នុងន័យទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនឡើង៕