(ភ្នំពេញ)៖ ក្រុមបាល់ទាត់គោព្រៃកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹងម្ចាស់ផ្ទះហុងកុង នារាត្រីថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដើមខែក្រោយនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងដើម្បីដកស្រង់បទពិសោធន៍ ត្រៀមប្រកួត ជម្រុះពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup នៅពាក់កណ្តាលខែតុលាខាងមុខ។
មុនការប្រកួតមកដល់នេះដែរ ជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការឡើងវិញ នៅទីលានពហុ កីឡដ្ឋានជាតិកាលពីល្ងាចមិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon បន្ទាប់ពីដឹក នាំ១ប្រកួតចុងក្រោយឈ្នះក្រុមភ្ញៀវសិង្ហបុរី ២-១ ក្នុងមិត្តភាពអន្តរជាតិនៅស្តាតអូឡាំពិកកាលពីខែកក្កដា។
ជាមួយនឹងការប្រមូលផ្ដុំហ្វឹកហាត់នេះលោក Lee Tae Hoon កោះហៅកីឡាករ ២៤រូបមកពីក្លឹបចំនួន៦ ដែលជាសមាជិកលីគកំពូលកម្ពុជា ក្នុងនោះមានកីឡាករនៃក្លឹបព្រះខ័នរាជស្វាយរៀងចំនួន៨នាក់ កីឡាករមកពីក្លឹបបឹងកេតអង្គរ ៦នាក់ កីឡាករមកពីក្លឹបក្រសួងការពារជាតិ ៥នាក់ កីឡាករមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ២នាក់ កីឡាករមកពីក្លឹបភ្នំពេញក្រោន២នាក់ និងកីឡាករមកពីក្លឹបណាហ្គាវើលម្នាក់។
៤ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា មិនទាន់ស្គាល់ពាក្យថា «ចាញ់» នោះទេ ពោលគឺឈ្នះ ៣ដង និងស្មើ១ដង ដោយស្មើ ២-២ ទល់នឹងម្ចាស់ផ្ទះឆាយនីសតៃប៉ិ មុនមកឈ្នះ ២-០ វិញនៅស្តាតអូឡាំពិក ក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំ ទ្វីបអាស៊ី AFC ASEAN Cup 2019 និងបន្តឈ្នះទីម័រខាងកើត ២-០ មុនមកឈ្នះសិង្ហបុរី ២-១ ចុងក្រោយក្នុងមិត្តភាព ដូចគ្នា។
គួរបញ្ជាក់ផងដែរថា ការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិដោយមាន ៤ក្រុមត្រូវប្រជែងគ្នា ក្នុងនោះមានក្រុមម្ចាស់ផ្ទះកម្ពុជា ឡាវ ទីម័រខាងកើត និងក្រុមជម្រើសជាតិប្រ៊ុយណេ។ ការប្រកួតនេះក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ នឹងទទួលបានកៅអី ពូល B នៃជុំផ្ដាច់ព្រ័ត្រ ដែលមានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម កំពុងរង់ចាំ ខណៈការប្រកួតជុំ ផ្ដាច់ព្រ័ត្រគ្រោងធ្វើនៅចុងខែវិច្ឆិកា លើទឹកដីសហម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងហ្វីលីពីន៕