(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញពីលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង, លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង បានដឹកនាំក្រុមការងារថ្នាក់ខណ្ឌ សង្កាត់ និងភូមិ ចុះរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ សង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី៣។

ការងារចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមីនាយករងរដ្ឋបាលខណ្ឌ, ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ សាធារណៈខណ្ឌ, ប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌ និងចៅរងសង្កាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនផងដែរ។

ជាមួយគ្នានេះលោក ហួត លាភពិសិដ្ឋ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមបណ្តាផ្លូវនានា ក្នុងភូមិសាស្ត្រខណ្ឌ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណដាក់តាំងលក់ប្រកបរបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណភាព សុវត្ថិភាព របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។

លោក ហួត លាភពិសិដ្ឋ ក៏បានស្នើដល់ប្រជាពលរដ្ឋ អាជីវករ បន្តចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទុកដាក់ទំនិញ ឬសម្ភារៈលក់ដូរ តាមមុខផ្ទះ ធ្វើមិចកុំឱ្យហូរហៀរមកលើទ្រូវផ្លូវ ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់ បាត់ផ្លូវសម្រាប់អ្នកថ្មើរជើង នាំឱ្យបង្កជាគ្រោះថ្នាក់ជាយថាហេតុផងដែរ៕