(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រជុំត្រួតពិនិត្យវាយតម្លៃសភាពការណ៍ លទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ និងនាយអាវុធហត្ថខេត្ត សរុបចំនួន១៥៦នាក់។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះនាយទាហាន នាយទាហាន និងពលទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ។
លោកមេបញ្ជាការកងរាអាវុធហត្ថខេត្ត បានលេីកឡេីងថា ដើម្បីផ្ដល់នូវចំណេះដឹង ជំនាញ សមត្ថភាព លើកកម្ពស់នូវមនសិការ ឆន្ទៈ ការតស៊ូ ភាពក្លាហាន និងស្មារតីទទួលខុសត្រូវ ក្នុងនាមកងរាជអាវុធហត្ថ ត្រូវគោរពច្បាប់ គោរពវិន័យ គោរពក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ច ក៏ដូចជាក្នុងការរស់នៅប្រចាំថ្ងៃ និងខិតខំកសាងសំណង់ ជំរុំជម្រក អគារធ្វើការ កន្លែងស្នាក់នៅ ទីលានហ្វឹកហាត់ ជាពិសេសអនុវត្តនូវតួនាទី និងភារកិច្ចស្នូល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសេីរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសង្កត់ធ្ងន់ដល់ការមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពីជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង បន្ថែមនូវការហូបចុកតាមរយៈការជំរុញការបង្កបង្កើនផល ដាំ និងចិញ្ចឹមដើម្បីបំពេញតម្រូវការរបស់អង្គភាពបន្ថែមទៀត៕