(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការរៀបចំបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទស្តីពី៖

*ការរៀបចំបញ្ជីបោះឆ្នោតដំបូង
*ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
*ការប្តឹងតវ៉ា ឬជំទាស់ និងការដោះស្រាយពាក្យបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សនយោបាយ ចំនួន៤ រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សឆន្ទៈខ្មែរ
ទី៣៖ គណបក្សកម្លាំងជាតិ
ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច

អនុលោមតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយផ្អែកលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ គ.ជ.ប ត្រូវរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដែលត្រូវដាក់លើសន្លឹកឆ្នោត ដែលការចាប់ឆ្នោតនេះត្រូវធ្វើឡើងជាសាធារណៈ ដោយព្រះសង្ឃ ឬឥស្សរជនចូលនិវត្តន៍ ឬចាស់ព្រឹទ្ធាចារ្យដែលមានជំហរអព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ៕