(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវអាជីវករផ្សារសេរីស្ទោងសូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍផ្សារមានសុវត្ថិភាព។

លោកថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យផ្សារសេរីស្ទោង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

លោកបានអំពាវនាវដល់អាជីវករនៅក្នុងផ្សារ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារសេរីស្ទោងគ្រប់ៗគ្នាសូមសហការជាមួយអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍកែលម្អគុណភាពផ្សារឱ្យមានគុណភាព សោភ័ណភាព បរិស្ថានល្អ ក៏ដូចជាការចូលរួមលើកកម្ពស់មុខមាត់ខ្លួន និងស្រុកស្ទោងផងដែរ។

លោកអភិបាលស្រុកស្ទោងបានណែនាំដល់ក្រុមហ៊ុន កូយ គឹមសាយ ដែលគ្រប់គ្រងលើការប្រមូលភាស៊ី និងអភិវឌ្ឍផ្សារសេរីស្ទោងត្រូវខិតខំអភិវឌ្ឍផ្សារឱ្យបានល្អនូវហេដ្ឋារចនាសម្ពន្ធប្រព័ន្ធលូ ផ្លូវបេតុងផ្សេងៗប្រកបដោយគុណភាពបទដ្ឋានបច្ចេកទេស ធានាបាននូវការបង្ហូរទឹកដោយពុំមានការកកស្ទះជាដើម។

លោកអភិបាលស្រុកស្ទោងបានអំពាវនាវសូមជួយថែរក្សាបរិស្ថាន សោភ័ណភាពផ្សារ ជាពិសេសត្រូវទុកដាក់សម្រាមឱ្យបានល្អ កុំដាក់ចូលនៅក្នុងប្រព័ន្ធលូដែលបណ្ដាលឱ្យមានការកកស្ទះ និងមានក្លិនមិនល្អដែលនាំឱ្យរំខានដល់សោភ័ណភាព សុខភាព និងបរិស្ថានផងដែរ។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម បានណែនាំដល់ក្រុមហ៊ុនប្រមូលសំរាម ខារ៉ាបាវស្ទោង ត្រូវធ្វើការប្រមូលយកសំរាមឱ្យបានទាន់ពេលវេលាកុំឱ្យមានការកកស្ទះ ដែលជាហេតុបណ្ដាលឲ្យមានការស្អុយរលួយ និងបំភាយក្លិនមិនល្អ ធ្វើឲ្យមានការប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថាននៅក្នុងផ្សារ ក៏ដូចជាមូលដ្ឋានទីរួមស្រុកស្ទោងទាំងមូល។

គួរបញ្ជាក់ថា ការអភិវឌ្ឍជួសជុលផ្សារនៅពេលនេះជារួម មានការចាក់បេតុងនៅមុខផ្សារ ធ្វើបន្ថែម និងជួសជុលប្រព័ន្ធលូបង្ហូរទឹកឱ្យបានច្រើន និងធំមាំល្អជាងមុន ផ្លូវបេតុងទទឹង៣ម៉ែត្រនៅក្នុងផ្សារ និងប្រព័ន្ធលូជាច្រើនខ្សែទៀតផងដែរ៕