(រ៉ូម)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដីកម្រិត ៦,៤ រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាល ប្រទេសអ៉ីតាលី រួមទាំងទីក្រុងរ៉ូម នៅព្រឹកថ្ងៃពុធ នោះបានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ជាង ១៦០នាក់ហើយ ខណៈ ៣៦៨នាក់ រងរបួស និង ក្រុមសង្គ្រោះ ៤,៣០០នាក់បានចេញប្រតិបត្តិការស្វែងរក យ៉ាងសស្រាក់សស្រាំ ដោយប្រើប្រាស់ ឧបករណ៍ធុនធ្ងន់ និង ដៃផ្ទាល់ដើម្បីជីកកាយយក ជនរងគ្រោះចេញពីគំនរអគារបាក់បែក ស្របពេលដែលមានការ ព្រមានថាមនុស្សស្លាប់នឹងអាចកើនឡើងច្រើនថែមទៀត។
តាមការផ្សាយរបស់ Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦ នេះ ឲ្យដឹងទៀតថាជនរងគ្រោះភាគច្រើនគឺជាកុមារ។ នេះបើតាមការផ្តល់បទសម្ភាសន៍ដោយរដ្ឋមន្ត្រីសុខាភិបាលរបស់ ប្រទេសអ៉ីតាលី ដែលកំពុងស្ថិតនៅនឹងតំបន់កើតហេតុ ដើម្បីដឹកនាំប្រតិបត្តិការជួយសង្គ្រោះជាមួយនឹងមន្ត្រីពាក់ព័ន្ធ របស់រដ្ឋាភិបាលអ៊ីតាលីដទៃទៀត។
ដោយឡែកយើងងាកមកមើលប្រទេសមីយ៉ាន់ម៉ា ឬភូមា វិញ គ្រោះធម្មជាតិរញ្ជួយដីកម្រិតដល់ទៅ ៦,៨រ៉ិចទ័រ បានវាយប្រហារបណ្តារដ្ឋភាគកណ្តាលឈៀងខាងលិច បានបណ្តាលឲ្យមនុស្ស ០៤នាក់ហើយបាត់បង់ជីវិត ចាប់តាំងពីល្ងាចថ្ងៃពុធ ខណៈអ្នករងរបួសនៅមិនទាន់មានការបញ្ជាក់ថាមានប៉ុន្មាននាក់នោះទេ។ មកដល់ ព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលភូមា បានប្រកាសថា ទីវត្តបុរាណ Bagan ដ៏ល្បីល្បាញរបស់ខ្លួនចំនួន ១៩០ខ្នង បានទទួលរងការខូចខាត ហើយរញ្ជួយដីលើកនេះ ជាលើកទី ២៦ហើយសម្រាប់ឆ្នាំ ២០១៦ នៅមីយ៉ាន់ម៉ា។
ជាចុងក្រោយគឺគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័របានវាយប្រហារតំបន់មួយដែលស្ថិតនៅចម្ងាយ ១៧៦ គីឡូម៉ែត្រពីភាគខាងលិចកោះ Sungaipenuh នៃប្រទេសឥណ្ឌូណេស៊ី នោះគឺពុំមាន សេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីមនុស្សរងគ្រោះនោះឡើយ ក៏ព្រោះតែវាគ្រាន់តែជាកម្រិតមធ្យម មួយប៉ុណ្ណោះ៕