(ភ្នំពេញ)៖ តាមរយបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភជារៀងរាល់ខែចំនួន៥០ម៉ឺនរៀល ជូនលោកយាយលក់សណ្តែកដី ព្រះជន្ម៨៧ឆ្នាំ ដើម្បីឲ្យលោកយាយឈប់លក់សណ្តែកដី។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ថ្ងៃនេះតាមរយៈ លោក សេង ទៀង ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដីស្ងោដែលមានព្រះជន្ម៨៧ឆ្នាំ។ គាត់ចេញពីខេត្តតាកែវ មកលក់នៅភ្នំពេញ មកព្រឹកត្រឡប់ទៅវិញពេលល្ងាច។

ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដី ដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញ នូវការផ្តល់ថវិការបស់ខ្ញុំ៥០ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើន ជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ ថ្ងៃនេះក៏បានផ្តល់ថវិកាជូនលោកយាយ២លានរៀលផងដែរ»