(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៤៦គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ២២៦គ្រឿង និងរថយន្ត ២០គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៥០គ្រឿង ក្នុងនោះមានម៉ូតូ ២២៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ២២គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ ស្រវឹង មួក បើកបរក្រោមសារធាតុញៀន ភ្លើង-ផ្លាក់ជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក ភ្លើង-ផ្លាក់ និងល្មើសល្បឿនជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៩នាក់ របួសចំនួន ១៣នាក់ (របួសធ្ងន់ចំនួន ០៩នាក់)។ រយៈពេល ០២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៨នាក់ របួស ៣៧នាក់ (របួសធ្ងន់ ២១នាក់)៕