(ភ្នំពេញ)៖ បណ្ដាញព័ត៌មាន Fresh News សូមគោរពថ្លែងអំណរគុណ ដល់ពុទ្ធិកសាកលវិទ្យាល័ព្រះសីហមុនីរាជា ដែលបានផ្ដល់អាហាររូបករណ៍៥០កន្លែង លើជំនាញចំនួន៧មុខ សម្រាប់ឆ្នាំសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដើម្បីចែកជូនបន្តដល់សិស្ស-និស្សិតក្រីក្រ ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រប៉ុន្តែមិនមានលទ្ធភាពសិក្សាបន្ត។

ចំពោះជំនាញទាំង ៧មុខនោះមានដូចជា៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រអង់គ្លេស, ព័ត៌មានវិទ្យា, ទស្សនវិជ្ជាពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ។

ក្នុងនាមស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា សូមគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានប្រទានអាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ចំនួន៥០កន្លែង ជំនាញចំនួន៧មុខ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីទុកចែកជូនដល់បុគ្គលិក សិស្សានុសិស្សក្រីក្រ ហើយមានបំណងចង់រៀនសូត្របន្តថ្នាក់បរិញ្ញាបត្រ។

ជាមួយគ្នានោះ លោកអគ្គនាយក លឹម ជាវុត្ថា ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលតែងតែមានសណ្ដានចិត្តថ្លៃថ្លា ប្រទានអាហារូបករណ៍ជាច្រើនកន្លែងនាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ ក្នុងការរួមចំណែកជួយសម្រួលដល់ការសិក្សារបស់និស្សិតក្រីក្រមួយចំនួន ដែលចង់បន្តការសិក្សានៅកម្រិតឧត្តមសិក្សាប៉ុន្តែមិនមានលទ្ធភាពសិក្សាបន្ត។

លោក លឹម ជាវុត្ថា បានបញ្ជាក់ថា លោកនឹងពាំនាំការផ្ដល់អាហារូបករណ៍ទាំង៥០កន្លែងនេះ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពិសេសសិស្ស-និស្សិតក្រីក្រ ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ ដោយក្ដីអនុគ្រោះពីសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នងការប្រទានអាហាររូបករណ៍នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកម្លាំងដ៏ចាំបាច់ក្នុងការកសាងអភិវឌ្ឍជាតិឱ្យរីកចម្រើនបន្តទៅមុខ។

សូមបញ្ជាក់ផងដែរថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវមធិបតីបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីសមណនិស្សិត និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវបានទទួលការប្រោសព្រះរាជទានប្រគេន-ជូនសញ្ញាបត្រពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង៕