(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានផ្ដល់អាហាររូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ចំនួន ៥០កន្លែង លើជំនាញចំនួន៧មុខ ដល់បណ្តាញព័ត៌មាន Fresh News ដើម្បីចែកជូនបន្តដល់បុគ្គលិក សិស្ស-និស្សិតក្រីក្រ ដែលមានបំណងចង់រៀនសូត្របន្ត។

អាហាររូបករណ៍ទៅលើជំនាញចំនួន ៧មុខ សម្រាប់ថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ មានដូចជា៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រអង់គ្លេស, ព័ត៌មានវិទ្យា, ទស្សនវិជ្ជាពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ។

សូមបញ្ជាក់ផងដែរថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវមធិបតីបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីសមណនិស្សិត និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវបានទទួលការប្រោសព្រះរាជទានប្រគេន-ជូនសញ្ញាបត្រពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង៕