(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៩៖១៥នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បាននាំខ្លួនម្ចាស់ហាង «រតន:រចនាម៉ូដ» ទៅធ្វើតម្រាប់ពីសកម្មភាពដែលបានវាយតាម៉ូតូកង់បីម្នាក់រហូតបាក់ដៃ គ្រាន់តែចតម៉ូតូមុខហាងរង់ចាំម៉ូយនោះ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះថា ជនដៃដល់ជាម្ចាស់ហាង «រតន:រចនាម៉ូដ» ដែលបានប្រើហិង្សាវាយទៅលើតារត់ម៉ូតូកង់រហូតបាក់ដៃនោះត្រូវបានសមត្ថកិច្ចនគរបាលរបស់ខ្លួន ចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃម្សិលមិញ។
លោក តី វិសាល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនល្មើសមានឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣៨F ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ បើតាមលោក តី វិសាល នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពហើយថា ខ្លួនពិតជាបានវាយជនរងគ្រោះរហូតបាក់ដៃមែន ក្រោយឈ្លោះគ្នារឿងចតម៉ូតូកង់បីមុខហាង។
សូមបញ្ជាក់ថា បុរសវ័យចំណាស់រត់កង់បីម្នាក់ ត្រូវបានម្ចាស់ផ្ទះរតនះរចនាម៉ូតវាយបាក់ដៃឆ្វេង ដោយគ្រាន់តែឈប់មុខផ្ទះបន្តិចដើម្បីរងចាំម៉ូយបន្តិច ដែលហេតុការណ៌នេះបានកើតឡើង នៅមុខផ្ទះជនបង្ក ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ។
បុរសជាម្ចាស់កង់បីដែលបាក់ដៃ បានប្រាប់ថាមុនកើតហេតុគាត់បានឈប់មុខផ្ទះខាងលើ ដើម្បីរងចាំឌុបម៉ូយ លុះឈប់បានបន្តិចក៏មានបុរសម្នាក់បើកឡានមួយគ្រឿង មិនស្គាល់ម៉ាកមកដល់ហើយបានប្រាប់ឲ្យគាត់យកកង់បីចេញពីមុខផ្ទះភ្លាមៗ គាត់រៀបនឹងបណ្តើរកង់បី ចេញហើយតែបណ្តើរមិនទាន់ផង ក៏បុរសជាម្ចាស់ផ្ទះរូបនោះ បានបើកទ្វារផ្ទះរួចយកឈើជ្រុង វាយគាត់បណ្តាលឲ្យបាក់ដៃឆ្វេងតែម្តង។
ក្រោយពីវាយបុរសចំណាស់ជាអ្នករត់កង់បីបណ្តាលឲ្យបាក់ដៃ រួចបុរសជាម្ចាស់ផ្ទះបានបើកឡានចេញ ទៅបាត់ដោយទុកឲ្យម្ចាស់កង់បីដេកដួលនឹងឈឺចាប់ជាខ្លាំងឃើញដូច្នេះ អ្នកដែលរស់នៅក្បែនោះអាណិតបានហៅឡានពេទ្យមកដឹកយកទៅព្យាបាល នៅមន្ទីពេទ្យបាត់ទៅ។
ក្រោយទទួលព័ត៌មាននេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦នេះ បានចេញបញ្ជាផ្ទាល់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវករណី ម្ចាស់ហាង «រតនរចនាម៉ូត» ដែលបានវាយបុរសវ័យចំណាស់ម្នាក់ ដែលអ្នករត់ម៉ូតូកង់ បណ្ដាលឲ្យបាក់ដៃ ដោយគ្រាន់តែឈប់មុខហាងបន្តិចសោះ ឲ្យខានតែបាន ហើយមិនអាចអនុគ្រោះឲ្យបានឡើយ។ ប្រតិបត្តិការស្រាវជ្រាវនេះ ត្រូវបានដឹកនាំផ្ទាល់ដោយលោក សុង លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ហើយនៅពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ៕