(ភ្នំពេញ)៖ លោក តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានបញ្ជាក់ថា វិស័យឧស្សាហកម្ម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវការបន្ថែមធនធានបច្ចេកទេសជាច្រើននាក់ ហើយវិស័យនេះទៀតសោតបាននឹងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងនាំកម្ពុជាឈានទៅរកការអភិវឌ្ឍន៍ជឿនលឿន ជាពិសេសទាក់ទាញអ្នកវិនិយោគក្រៅស្រុក។

លើកឡើងនៅក្នុងបទសម្ភាសជាមួយបណ្តាញព័ត៍មាន នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះលោក តាំង យឿន បានឱ្យដឹងទៀតថា តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាល ជាថ្នាលដ៏សំខាន់ក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជន ដោយបំពាក់ប្រពន្ធ័ឧបករណ៍បច្ចេកវិទ្យាទំនើបៗ បន្ថែមពីនេះជាគោលនយោបាយជម្រុញវិស័យឧស្សាហកម្មមានការរីកចម្រើនខ្ពស់ ស្របតាមទិសដៅរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុន ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងកម្រិតចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមការកំណត់ក្នុងផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។

សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ជាមគ្គុទេសក៍ ដែលមានការប្រកួតប្រជែងខ្លាំងនៅកម្ពុជាផងដែរ៕