(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ និងរោងចក្រ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖

*ករណីអគ្គិភ័យទី១៖ នៅម៉ោង ១១៖៥០នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរោងចក្រកាត់ដេរ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ បានបណ្តាលឲ្យឆាបឆេះខូចខាតសំយាបដំបូលដែកប្រកស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ) អស់មួយចំហៀង រួមទាំងម៉ូតូចំនួន ៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ ចំពោះប្រភេទសំណង់ខាងលើ គឺជាថ្មប្រក់ស័ង្កសី ដែលមានទំហំ (៥០ម៉ែត្រ x ១០០ម៉ែត្រ)។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ១២៖៥៥នាទីថ្ងៃត្រង់នាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។

*ករណីអគ្គិភ័យទី២៖ នៅម៉ោង ១រសៀល ស្ថិតនៅចំណុចផ្ទះលេខ២៦៨Eo​ តាមបណ្តោយផ្លូវម៉ៅសេងទុង​ កែងផ្លូវលេខ១៩៩​ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ បានបណ្តាលឲ្យឆេះខូចខាតបន្ទប់​ ទំហំ (៣ម៉ែត្រ x ៤ម៉ែត្រ) ចំនួន០១បន្ទប់ រួមមានម៉ាស៉ីនត្រជាក់ ចំនួន ០១គ្រឿង​ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ១៖៣០នាទីរសៀលនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី និងឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ តែមិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន សូមសំណូមពរដល់បងប្អូនប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ ដោយសារតែមួយរយៈនេះ អាកាសធាតុមានការក្តៅខ្លាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ៕