(កំពង់ឆ្នាំង)៖ នៅយប់ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទពិធីឆ្លងឆ្នាំសាកល២០២៣ ចូល២០២៤ នៅខេត្តកំពង់ឆ្នាំង គេសង្កេតឃើញប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន មានការជួបជុំគ្នាប្រារព្ធពិធីឆ្លងឆ្នាំសកលប្រកបដោយភាពសប្បាយរីករាយខ្ញៀវខ្ញា លាយឡំទៅនឹងសូសំឡេងកាំជ្រួចតូចធំ លាន់ឰកងរំពងគ្រប់ទីកន្លែង។

ដោយឡែកក្រុងកំពង់ឆ្នាំង ដែលជាទីក្រុងមួយប្រកបទៅដោយសោភ័ណ ភាពដ៏ស្រស់ត្រកាល រំលេចទៅដោយភ្លើងពណ៌ចម្រុះគ្រប់ប្រភេទភ្លឺចែងចាំងនៅពាសពេញទីក្រុង ពិសេសនៅតាមសួនច្បាកំសាន្តនានាជាច្រើនទូទាំងក្រុង គេសង្កេតឃើញមនុស្សម្នាជាច្រើនដើរកំសាន្តពីកន្លែងមួយទៅកន្លែងមួយ លាយឡំទៅនឹងសំឡេងសើចហ៊ោសប្បាយរហូត ដល់ម៉ោងជាង២រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះថា នៅយប់ថ្ងៃទី៣១ ខែធ្នូ ដែលជាយប់ដ៏វិសេសវិសាលដែល ប្រជាពលរដ្ឋទូទាំង ប្រទេសត្រៀមអបអរសាទរ និងរាប់ថយក្រោយក្នុងការឆ្លងឆ្នាំសាកល សម្រាប់ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយមកទស្សនាកំសាន្តនិងចូលរួមត្រៀម ចាំអបអរសាទពិធីឆ្លងឆ្នាំសកលគឺឆ្នាំ២០២៣ ឆ្លងចូលឆ្នាំ២០២៤ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិសរុបមានចំនួន ៨៦.២០០នាក់។

ចំពោះសន្តិសុខសណ្តាប់ធ្នាប់គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយពុំមានបញ្ហាអ្វីនោះឡើយ ដោយមានកងកម្លាំងសមត្ថកិច្ច ខិតខំយកចិត្តទុកដាក់ក្នុងការការពារថែរក្សាសន្តិ សុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាព លរដ្ឋតាំងពីព្រលប់រហូតដល់បញ្ចប់កម្មវិធីផងដែរ៕