(ភ្នំពេញ)៖ គម្រោងអគារទីស្តីការថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កម្ពស់៩ជាន់ ត្រូវបានបុកគ្រឹះសាងសង់នៅលើដីលំនៅឋានទំហំជាង ៥ពាន់ម៉ែត្រការ៉េ ដែលត្រូវបានរាជរដ្ឋាភិបាលដកហូតពីលោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រគល់ជាកម្មសិទ្ធិឱ្យ គ.ជ.ប។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ។ អគារទីស្តីការថ្មីរបស់ គ.ជ.ប ស្ថិតនៅដីឡូតិ៍លេខ៧១ វិថីសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប បានឱ្យដឹងថា តម្លៃនៃការ សាងសង់អគារនេះ ស្ថិតក្នុងគម្រោងចំណាយប្រមាណ ២១លានដុល្លារអាមេរិក ដែលថវិកានេះ បានមកពីការជួលអគារទីស្តីការ គ.ជ.ប បច្ចុប្បន្ន ឱ្យទៅក្រុមហ៊ុន ណាហ្កាវើល។

លោកបានបញ្ជាក់ថា៖ «អ្វីៗដែលប្រព្រឹត្តទៅនេះ គឺផ្អែកទៅលើការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ណាហ្កាវើល តាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣»។ លោក ហង្ស ពុទ្ធា បន្តថា តាមបន្ទុកកិច្ចសន្យារបស់ក្រុមហ៊ុនសាងសង់ គឺអគារទីស្តីការថ្មីរបស់ គ.ជ.ប នេះ នឹងត្រូវរួចរាល់ជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២៥។

លោក ហង្ស ពុទ្ធា បានបន្ថែមថា អគារដែលកំពុងសាងសង់នេះ មានទំហំជាង៣ម៉ឺន២ពាន់ម៉ែត្រការ៉េ ដោយក្នុងអគារនេះ មានសាលប្រជុំមួយដែលផ្ទុកមនុស្សបាន៤៥០នាក់។ អគារថ្មីនេះនឹងផ្តល់បរិយាកាសកាន់តែល្អ ប្រសើរសម្រាប់ថ្នាក់ដឹកនាំ គ.ជ.ប និងមន្ត្រី គ.ជ.ប បំពេញការងាររៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា ទីស្នាក់ការគ.ជ.ប នាពេលបច្ចុប្បន្ន មានកម្ពស់១៥ជាន់នៅជាប់នឹងជញ្ជាំងអគារពាណិជ្ជកម្ម សណ្ឋាគារ និងកាស៊ីណូរបស់ក្រុមហ៊ុនណាហ្កាវើល ស្ថិតនៅទល់មុខពុទ្ធសាសនបណ្ឌិត្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាការដោះដូរដីរដ្ឋ បានពីការជួលទៅឱ្យក្រុមហ៊ុនណាហ្កាវើលវិនិយោគជាសណ្ឋាគារ និងកាស៊ីណូ ក្នុងរយៈពេល៩៩ឆ្នាំ។

អគាររដ្ឋបាល និងបច្ចកទេសរបស់ គ.ជ.ប ដែលមានជញ្ជាំងកញ្ចក់ពណ៌ខៀវផ្ទៃមេឃពេលបច្ចុប្បន្ននេះ ត្រូវបានចំណាយលើការសាងសង់ប្រមាណជាង១២លានដុល្លារ ដែលជាបន្ទុករបស់ក្រុមហ៊ុនណាហ្កាវើល ក្រោមកិច្ចព្រមព្រៀងសន្យាផ្តល់អគារជាប់ជាមួយអគារណាហ្កាវើល២ ជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមើលឃើញថា ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងនាឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០១៨ គឺអគារទីស្តីការ គ.ជ.ប ត្រូវបានខ្ចីអគារស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ ដែលមានលក្ខណៈតូចចង្អៀត និងរងការរិះគន់ ខណៈ គ.ជ.ប មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕