(បន្ទាយមានជ័យ)៖ ក្រៅពីការងារស្នូល និងការអនុវត្តន៍ផែនការហ្វឹកហ្វឺនរបស់ថ្នាក់លើ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ក្រោមការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ បានជំរុញដល់បណ្តា អង្គភាពចំណុះ បន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ពនិងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក កងកម្លាំងប្រមូលផលបានយកមកលក់នៅលើផ្សារសហគមន៍ ដែលស្ថិតនៅសួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សម្រាប់ផលដែលប្រមូលបានមានដូចជាបន្លែសាច់ លោកវីរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ៥១៣ បានបញ្ជាក់ថា សម្រាប់ផលដែលប្រមូលបានមានដូចជាបន្លែផ្លែឈើសាច់ដែលប្រមូលបានលក់នៅក្នុងទីផ្សារ សហគមន៍ភូមិ១ផលិតផល១ដែលក្នុងតម្លៃដូចខាងក្រោម៖ ស្ពៃក្ដោប ១គីឡូ ៥០០០រៀល, ត្រសក់ ១គីឡូ ២០០០រៀល, ត្រប់វែងមួយគីឡូ ៣០០០រៀល, ត្រប់ស្រួយ ១គីឡូ៣០០០រៀល, ប៉េងប៉ោះមួយគីឡូ ៣០០០រៀល, ទាកាប៉ា ១គីឡូ ១៥០០០រៀល, សាច់មាន់ ១គីឡូ ២២០០០រៀល, ស្ពៃក្រញាញ់ ១គីឡូ ៣០០០រៀល, ស្ពៃចង្កឹះ១គីឡូ ៣០០០រៀល, សាឡាត់១គីឡូ ៥០០០រៀល, ត្រឡាចក្នុងមួយគីឡូ ២០០០រៀល, ននោង ១គីឡូ ៣០០០រៀល, ស្វាយ១គីឡូ ៣០០០រៀល។

លោកវីរសេនីយ៍ត្រី គង់ សារ៉ុម បានឱ្យដឹងថា អង្គភាព បានខិតខំបន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតការធានាចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ហើយបន្តដាក់លក់នៅលេីទីផ្សារ ពិសេសចូលរួមលក់ក្នុងទីផ្សារសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាមផែនការរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។

គួរបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យការបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់វរសេនាតូចថ្មើរជើងលេខ៥១៣ ដែលមានលោកមេបញ្ជាការគង់ សារ៉ុម តែងតែចុះពិនិត្យ និងណែនាំពីវិធីថែទាំដំណាំ ការចិញ្ចឹមសត្វ ឱ្យទទួលបានផលល្អ ដល់គ្រប់បណ្តាអង្គភាពចំណុះជាប្រចាំ ជាមធ្យមបន្លែចម្រុះ និងត្រីសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ពគ្រប់គ្រាន់ មួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារសន្សំថវិកាជួយកសាងអង្គភាព និងការងារមនុស្សធម៌៕