(ស្វាយរៀង)៖ ដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត តាមគោលដៅសំខាន់ៗទូទាំងប្រទេសកម្ពុជា។ សម្រាប់ខេត្តស្វាយរៀង រយៈពេល៣ថ្ងៃ ឆ្លងឆ្នាំសកល មានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តជិត ១៧ម៉ឺននាក់។

លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះថា រយៈពេល ៣ថ្ងៃចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្ត តាមគោលដៅសំខាន់ៗក្នុងខេត្តមានចំនួនសរុប ប្រមាណ ១៦៧,៥០០ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៣១០នាក់។

លោកបន្តថា ដោយក្នុងខេត្តស្វាយរៀង មានព្រឹត្តិការណ៍ធំៗដូចជា៖ កម្មវិធីប្រគុំតន្ត្រីខ្នាតធំ និងកម្មវិធីប្រដាល់គុណខ្មែរ (រយៈពេល ២ថ្ងៃគឺ៣០-៣១ធ្នូ )ឆ្នាំ២០២៣។ ចូលឆ្នាំកល នៅខេត្តស្វាយរៀងគឺភ្ញៀវទេសចរក៏ដូចជា ប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តតាមគោលដៅសំខាន់ៗដែលរៀបចំដោយរដ្ឋបាលខេត្ត ជាអាទិ៍ កន្លែងតាំងពិព័រណ៌ កន្លែងប្រគុំតន្ត្រីខា្នតធំ និងមាត់ច្រាំងទន្លេវ៉ៃគោពេលរាត្រីយ៉ាងច្រើនកុះករផងដែរ៕