(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជំរះលើសំណុំរឿង លោក ពេជ្រ ព្រហ្មមុនី អតីតមនុស្សជំនិតរបស់ លោក អាំង មាលតី អតីតប្រធានសាលាដំបូងក្រុងភ្នំពេញ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ពាក់ព័ន្ធនឹងករណីពុករលួយ។
លោក ពេជ្រ ព្រហ្មមុនី ត្រូវបានតុលាការ ចោទប្រកាន់១ករណីទៀត ពាក់ព័ន្ធនឹងរឿង ជំនួញឥទ្ធិពលអកម្ម តាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់ លោកផេង សុីដេត មេធាវីការពារឲ្យ លោកពេជ្រ ព្រហ្មមុនី។
សូមជំរាបថា លោក ពេជ្រ ព្រហ្មមុនី ត្រូវបានតុលាការចោទប្រកាន់ចំនួន២ករណី ក្នុងនោះមានបទ៖ ជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ និងបទជំនួញឥទ្ធិពលអកម្ម» តាមបញ្ញាតមាត្រា ៦០៩ និង ៥៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។
កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស លោក ពេជ្រ ព្រហ្មមុនី ដាក់គុកកំណត់១៨ខែ តែទោសអនុវត្តនៅក្នុងពន្ធនាគារត្រឹមតែ១០ខែប៉ុណ្ណោះ ទោសនៅសេសសល់ត្រូវព្យួរទាំង អស់ពីបទ៖ ជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ និងបទ៖ ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញា សម្គាល់ប្រើប្រាស់៕