(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉ទាំងអស់ អាចទៅទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតានៅតាមស្ថានទូត រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ទៀតថា ការផ្តល់សេវាធ្វើលិខិតឆ្លងដែននៅស្ថានទូតនេះស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការសម្របសម្រួលធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដើម្បីកុំឱ្យពលករជួបការលំបាកធ្វើដំណើរមកកម្ពុជា ក្នុងការធ្វើលិខិតឆ្លងដែន។

បើតាមក្រសួងការងារ សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០២ ៣៧៨៥ ១០៤១) ឬអនុព័ន្ធការងារអមស្ថានឯកអគ្គ រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤) នៅរៀងរាល់ម៉ោង ធ្វើការ។

គួរជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជា នៅក្រៅប្រទេសដែលនឹងចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ព្រមទាំងបង្កើតកុងស៊ុល បន្ថែមនៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេងៗ៕