(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មកផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាបឋម និងអនុវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងបងប្អូនគ្រួសារអតីតយុទ្ធជនយ៉ាងច្រើនកុះករ។

បន្ទាប់ពីសេចក្ដីរាយការណ៍របស់លោក អៀង ហុង អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អំពីភូមិសាស្ត្រអភិវឌ្ឍន៍ ការងារសម្ព័ន្ធមេត្រីភាព និងស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននោះរួចមក, លោក ខូយ រីដា បានថ្លែងថា ថ្ងៃនេះជាឱកាសមួយដ៏មហោឡារិក ដែលយើងបានមកជួបជុំគ្នា ដើម្បីផ្ដល់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជូនដល់អតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ក្នុងឱកាសទិវាចូលឆ្នាំសាកល និងខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ ៧ មករា។

នាឱកាសនោះដែរ លោក ខូយ រីដា ក៏បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អ និងជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តទទួលបាននូវសមិទ្ធផលបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព។ ជាការពិតណាស់ថា សន្តិភាពដែលយើងទទួលបានសព្វថ្ងៃនេះ គឺដោយសារការលះបង់ សាច់ស្រស់ ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ហេតុនេះយើងត្រូវអរគុណសន្តិភាព និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសន្តិភាព។

លោកបានគូសបញ្ជាក់ថា ផ្ទះចំនួន៦២៨ខ្នងនេះ គឺបានមកពីការផ្តល់ដីសម្បទាន របស់សម្ដេចតេជោ ហ៊ុន សែន សាងសង់ឡើងក្នុងឆ្នាំ២០២០ ហើយបានបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០២២ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងបានប្រគល់ជូន អតីតយុទ្ធជនយើងជាបន្តបន្ទាប់។

លោក ខូយ រីដា បានបន្តថា ការសាងសង់ផ្ទះទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការជួយអភិវឌ្ឍន៍ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ទាំងផ្លូវថ្នល់ អណ្តូងទឹក ទំនប់ស្ទាក់ទឹក សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ជូនបងប្អូនបានរស់នៅបានល្អប្រសើរ។

លោក ខូយ រីដា ក៏បានស្នេីឱ្យអតីតយុទ្ធជន និងក្រុមគ្រួសារ សូមបង្កើនការដាំដុះដំណាំផ្សេងៗ ទាំងដំណាំរយះពេលខ្លី ដំណាំយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យជីវភាពគ្រួសារ កាន់តែប្រសើរឡើង។

សូមបញ្ជាក់ដែរថា អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលត្រូវផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី០១កេស ទឹកត្រី ឬទឹកស៊ីអ៊ីវ០១យួរ ព្រមទាំបន្តចុះពិនិត្យការរស់នៅ និងការងារបង្កបង្កើនផលតាមខ្នងផ្ទះផងដែរ៕