(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងគុណភាពហេដ្ឋារចនាសម្ពន្ធ និងសំណង់សិល្បការ្យជនបទ ដោយមានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំនៃនាយកដ្ឋានផ្លូវលំជនបទ។

លោករដ្ឋមន្ដ្រីបានឱ្យដឹងថា តាមរយៈការត្រួតពិនិត្យ និងសិក្សានាពេលកន្លងមកបង្ហាញថាមូលហេតុចម្បងចំនួន៤ ដែលបណ្ដាលឱ្យហេដ្ឋារចនាសម្ពន្ធផ្លូវជនបទរងការខូចខាត រួមមាន បញ្ហាគុណភាពបច្ចេកទេសស្ថាបនាផ្លូវ ការប្រែប្រួលអាកាសធាតុ ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ និងលើករបៀបវារៈនៃនៃដំណោះស្រាយលើការអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ ការទទួលខុសត្រូវត្រ្ទតពិនិត្យគុណភាពផ្លូវ និងការស្វែងរកបច្ចេកវិទ្យាថ្មី។

ជាមួយគ្នានេះ ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ពន្ធ និងសំណង់សិល្បការ្យជនបទ មានគុណភាពសម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋមានគុណភាព និងនិរន្ដរភាព លោករដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ដូចខាងក្រោម៖

* រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗនៃការស្ថាបនាផ្លូវជនបទសម្រាប់ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុក ដែលមិនអាចឆ្លើយតបគ្រប់គ្រាន់នាពេលអនាគត។

* រៀបចំផែនការបុរេសកម្មសម្រាប់ការលើកគម្រោងស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវជនបទ ដោយត្រូវយកចិត្តទុកដាក់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

* សិក្សាស្ថានភាពភូមិសាស្រ្ដ និងគំរូប្លង់ ត្រួតពិនិត្យគ្រប់ដំណាក់កាលនៃការសាងសង់ ត្រួតពិនិត្យវត្ថុធាតុដើម ត្រួតពិនិត្យគ្រឿងចក្រសម្រាប់ស្ថាបនា និងការវាយតម្លៃគុណភាពតាមសំណាកគំរូដែលយកពីមន្ទីរពិសោធន៍ត្រឹមត្រូវ។

* ថ្នាក់ដឹកនាំនិងមន្រ្ដីអនុវត្តគម្រោងស្ថាបនាផ្លូវត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ដគម្រោងឱ្យបានទាន់ពេលវេលាតាមកិច្ចសន្យាសាងសង់។

* មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវពិនិត្យ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្ទីរជំនាញពាក់ព័ន្ធលើការរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់នានា។

* មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវលើកផែនការថែទាំខួបលើខ្សែផ្លូវដែលគ្រោងស្ថាបនាដោយដៃគូអភិវឌ្ឍន៍ មុនពេលគម្រោងចាប់ផ្ដើមអនុវត្ត៕