(ត្បូងឃ្មុំ)៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា និងលោកស្រី ព្រមទាំងសម្តេចសង្ឃ មួង រ៉ា គណ:សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យលើកតម្កល់រតនៈវត្ថុចំនួន ៩អង្គ នៅលើប្រាសាទព្រះអង្គប្រសូត្រដែលមានកំពស់២១ម៉ែត្រ ដែលចំណាយថវិកាកសាងអស់ប្រមាណ ៣៣ម៉ឺនដុល្លារ នៅវត្តសាមគ្គីសុខារាម ហៅវត្ត «ច្រករំដេង» ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះ លោក វង សូត បានថ្លែងអំណរគុណថ្វាយ ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត រួមជាមួយឧកញ៉ា លោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងច្រើននៅក្នុងវត្តច្រករំដេងនេះ រួមមាន ៖ សាលាវិបស្សនាធុរៈ បដិមាព្រះពុទ្ធមាតា បដិមាព្រះពុទ្ធទ្រង់ត្រាស់ដឹង បដិមាព្រះពុទ្ធទ្រង់បរិនិព្វាន្ត និងសមិទ្ធផលដទៃទៀតជាច្រើន។

លោក វង សូត បានថ្លែងថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះឈ្នះ។ លោកថា «ក្រោមម្លប់សន្តិភាព ដែលជាមរតកដ៏មានតម្លៃគ្មានអ្វីកាត់ថ្លៃបាន កម្ពុជាក្នុងសម័យថ្មី ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន ពោរពេញដោយសមត្ថភាព និងមានសីលធម៌ខ្ពស់ កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍកាន់តែឆាប់រហ័ស ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ និងមានកេរ្តិ៍ឈ្មោះល្បាញល្បីបោះសំឡេងលើឆាកអន្តរជាតិ»

អនុប្រធានទី២រដ្ឋសភា ក៏បានជំរុញឱ្យឯកឧត្តម លោកជំទាវ អាជ្ញាធរគ្រប់ជាន់ថ្នាក់ បងប្អូនពុទ្ធបរិស័ទ្ទ រួមទាំងសប្បុរសជនក្នុង និងក្រៅប្រទេស ត្រូវយកចិត្តទុកដាក់លើកការអភិវឌ្ឍវិស័យអប់រំ ពិសេសសាលារៀននៅតាមមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសាលារៀន ដើម្បីលើកកម្ពស់ធនធានមនុស្ស ដែលជាកត្តារួមចំណែកយ៉ាងសំខាក់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង។

លោកបានគូសបញ្ជាក់ថា កន្លងទៅវិស័យពុទ្ធចក្រ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ប៉ុន្តែសព្វថ្ងៃនេះ ប្រទេសជាតិមានការអភិវឌ្ឍ ហើយរាជរដ្ឋាភិបាលបានកសាងសាលារៀននៅគ្រប់មូលដ្ឋានទាំងអស់ នៅទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយ យើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត និងចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនដើម្បីបំពេញតម្រូវការឱ្យបានគ្រប់គ្រាន់ សំដៅអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិរបស់យើងកាន់តែជឿនលឿនថែមទៀត។

ជាចុងបញ្ចប់លោក វង សូត និងលោកស្រី បានប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន២០លានរៀលយាយជី-តាជី ១០០នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល លោកគ្រូ-អ្នកគ្រូ ២៥ នាក់ ក្នុងម្នាក់ៗ ថវិកា៣ម៉ឺនរៀល សិស្សានុសិស្ស ៣០០ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកា ១ម៉ឺនរៀល កម្លាំងការពារថវិកា ១លានរៀល និងគ្រូពេទ្យស្ម័គចិត្ត ៥០ម៉ឺនរៀលផងដែរ៕