(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទេសភាព សម័យទំនើបគួរឱ្យភ័យខ្លាច និងស្អប់ខ្ពើម។

អភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ នៅក្នុងបរិវេណវត្តជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ។

លោកអភិបាលខេត្ត បានថ្លែងថា ក្នុងឱកាសនៃការជួបជុំដ៏មានអត្ថន័យនេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលក្នុងសូចនាករទី៤ មុំទី១​ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ក្នុងនោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិទាំងឡាយឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោក អ៊ុន ចាន់ដា បានបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដែលមានទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស។ នេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្ដើរៗ ឱ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការីកដុះដាលនៃបទល្មើស ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់សង្គម និងមនុស្សគ្រប់វ័យ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការធ្វើទេសន្តរប្រវេសន៍ ក៏នៅតែជាប្រធានបទដ៏សំខាន់ ដែលត្រូវថ្លឹងថ្លែងអំពីផលចំណេញ និងផលប៉ះពាល់ដែលគប្បីធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។ លោកសូមថ្លែងការកោត សរសើ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី នៃមន្ទីរអង្គភាព ក្រុង ស្រុក អង្គការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គ ដើម្បីធ្វើឱ្យសម្រេចកិច្ចការជាច្រើន គួរជាទីមោទនៈ៕