(បាត់ដំបង)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣៥ម៉ឺននាក់ បានចូលមកលេងកម្សាន្តថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅខេត្តបាត់ដំបង។

បើតាមរបាយការណ៍របសើមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញឱ្យដឹងថា ពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤នេះ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរទាំងភ្ញៀវជាតិ អន្តរជាតិកើនឡើង ខ្ពស់ជាងឆ្នាំចាស់ច្រើនដែលភ្ញៀវមានសរុបចំនួន ៣៥៣,៧០៨នាក់ កើនឡើង ៦៧,៦០%​ បើធៀបឆ្នាំ២០២២ មានត្រឹមចំនួន២១១,០៣៨ នាក់ប៉ុណ្ណោះ។

ចំនួនភ្ញៀវទេសចរមានការកើនឡើងក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី គិតត្រឹមថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះភ្ញៀវជាតិ សរុបចំនួន ៣៥២,៧៩០នាក់ ភ្ញៀវអន្តរជាតិមានចំនួន ៩១៨នាក់។

រយៈពេល ៣ថ្ងៃ នៃឱកាសបុណ្យឆ្លងឆ្នាំសកលនេះភ្ញៀវទេសចរបានសម្រុកទៅតាមគោលដៅទេសចរណ៍នានាដើម្បីលម្ហែលេងកម្សាន្តពេលថ្ងៃ អ្នកខ្លះទៀតបានសម្រាកកាយឆ្លងឆ្នាំពេលរាត្រី និងភ្ញៀវទេសចរមួយចំនួនទៀត បានចូលមកអបអរសាទរក្នុងពិធីឆ្លងឆ្នាំនៅក្នុងទីប្រជុំជនក្រុងបាត់ដំបង ដែលរៀបចំជាច្រើនកម្មវិធីយ៉ាងរីករាយដែលរៀបចំដោយរដ្ឋបាលខេត្ត។

របាយការណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំថ្មីនេះដែរ គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានរៀបចំកម្មវិធីដាក់បង្ហាញម្ហូបអាហាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងបាត់ដំបងផ្ទាល់។ ម៉្យាងទៀតកម្មវិធី អបអរឆ្នាំថ្មីឆ្នាំនេះ ក៏ជាព្រឹត្តិការណ៍ប្លែក និងថ្មីៗដែលភ្ញៀវទេសចរទទួលព័ត៌មានបានមុនគ្រប់គ្រាន់ ក៏កម្មវិធីពិសេសបន្ថែមនូវព្រឹត្តិការណ៍អុំទូកនាគ កានូ-កាយ៉ាក់ និងរ៉ូអ៉ីងជ្រើសរើសជើងឯកថ្នាក់ជាតិទាំង១៨រាជធានី-ខេត្ត បានចូលរួមផងដែរ ដែលជាហេតុនាំឱ្យទាក់ទាញដល់ភ្ញៀវទេសចរក្នុង និងក្រៅតំបន់យ៉ាងច្រើនដោយកុះករ លើសពីនេះមានការរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងម៉ត់ចត់ និងបានល្អប្រកបដោយភាពរលូនតាំងពីដើម ដល់ចប់កម្មវិធីផងដែរ៕