(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានអញ្ជើញចូលពិនិត្យមើលតំបន់អភិវឌ្ឍន៍បឹងទន្លេម្រេច របស់លោកឧកញ៉ា ទ្រី ភាព ស្ថិតនៅភូមិអូរពូ ឃុំរមនីយ ស្រុករវៀង ខេត្តព្រះវិហារ, សម្តេចបានបន្តដំណើរចូលពិនិត្យមើល និងសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស នៅបឋមសិក្សា អូរទ្រលោក និងបឋមសិក្សាភ្នំដែក ក្នុងស្រុករវៀង ខេត្តព្រះវិហារ។
នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្ត ចាកចេញពីខេត្តកំពង់ចាម ដែលជាខេត្តកំណើតរបស់សម្តេច ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ រួមទាំងពិនិត្យមើលសមិទ្ធផលជាតិផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសូមការអភ័យទោស ដែលមិនបានចុះសួរសុខទុក្ខបប្អូនអាជីវករខេត្តកំពង់ចាម ប៉ុន្តែសម្តេចតេជោ អះអាងថាសម្តេចនឹងវិលមកជួបបងប្អូន នៅពេលឆាប់ៗនេះ៕