(កណ្តាល)៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវអ្នកជិះម៉ូតូរបស់ខ្លួនកាប់ចំនួន២ពូថៅ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយកើតហេតុទើបដឹងថា ជាមនុស្សសតិមិនគ្រប់ ដែលហេតុការណ៍នេះ បានកើតឡើងនៅ
ចំណុចចំការស្វាយ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នគរបាលបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដោយជនរងគ្រោះឈ្មោះ យិន ហ៊ន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើត ភូមិព្រេង ឃុំមោងរាវ ស្រុកត្បូងឃ្មុំ កំពង់ចាម។
ចំណែកជនដៃដលវិញ ឈ្មោះ ឈាន ឆុន ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នគរបាលបានបន្តថា បើយោងតាមការសាកសួរ ម្នម៉ោងកើតហេតុជន រងគ្រោះបានឌុបជនសង្ស័យពីមុខវត្តព្រែកហូរទៅក្រុម ហ៊ុនហេង អភិវឌ្ឍន៌ ដោយឲ្យតំលៃ៣០០០រៀល ពេលទៅដល់ជនសង្ស័យមិនចុះទេឲ្យបន្តទៅស្ពានដែក ជាប់ព្រំប្រទល់ព្រែកហូរ ពេលបន្តដំណើរដល់ស្ពានដែកហើយ ជនល្មើសនៅតែមិនព្រមចុះទៀត ដោយឲ្យបន្តដំណើរមកផ្លូវ៦០ម៉ែត្រវិញ ដោយប្រាប់ជនរងគ្រោះថា ទៅចំការស្វាយរបស់គាត់ លុះទៅដល់ចំណុចចំការស្វាយ ជនល្មើសបានសួរជនរងគ្រោះម្តងទៀតថា យកថ្លៃប៉ុន្មាន ពេលនោះជនរងគ្រោះប្រាប់យក ៣០០០រៀល។
ជនសង្ស័យវិញ ក៏ដើរជុំវិញម៉ូតូហើយបានយកដៃស៊កក្នុងអាវ រួចទាញពូថៅពីក្នុងអាវ កាប់ទៅលើក្បាលជនរងគ្រោះពីក្រោយចំនួន២ពូថៅ បណ្តាលឲ្យរងបួសរយ:ក្បាលផ្នែកខាងក្រោយហូរឈាម ភ្លាមនោះជនរងគ្រោះបានរត់ចោលម៉ូតូ ស្រែកឲ្យគេជួយ តែមិនមានអ្នកជួយទេ ជនរងគ្រោះក៏ត្រឡប់មកវិញយកបានមែកស្វាយ វាយដៃជនល្មើសដែលកាន់ពូថៅធ្លាក់ពូថៅពីដៃ ហើយបានរើសយកពូថៅជិះម៉ូតូមកប្តឹងនគរបាល។
នគរបាលបានបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យមកសាកសួរទើបដឹងថា ជាមនុស្សសតិមិនគ្រប់ នៅចំពោះមុខនគរបាលជនសង្ស័យនិយាយថា ការកាប់ជនរងគ្រោះនេះ គឺដោយសារខឹងជនរងគ្រោះសម្លាប់ឪពុកម្តាយគេ តែការពិតម្តាយឪពុកនៅរស់ ហើយនៅផ្ទះជាមួយគ្នាផងដែរសព្វថ្ងៃ។
បើតាមក្រុមគ្រួសារនិយាយថា ជនសង្ស័យជាមនុស្សផឹកស្រាប្រចាំ ប៉ុន្តែកាលពីមុនមិនអីទេ ប៉ុន្តែ២ទៅ៣ថ្ងៃមុននេះ ជនសង្ស័យចេះតែនិយាយម្នាក់ឯង ដើរស្រាតក៏មាន ហើយបងប្អូនបានចាក់សោរថែរក្សាទុក តែមុនពេលមានរឿងហេតុជនសង្ស័យ បានកាត់សោរចេញរួចលួចចេញ រហូតមានរឿងហេតុកើតឡើងតែម្តងទៅ។
ដោយឡែកមានករណីកាប់២ពូថៅ ដូចគ្នានេះផងដែរ កើតឡើងកាលពីវេលាម៉ោង១៦៖៣០នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅកំពង់ដររបស់ឈ្មោះ សួ ស៉ីម ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ខន ម៉ារ៉េន ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមានមុខរបរ ជាកសិករ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ជិន ប្រុសភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិកររស់នៅ ភូមិ ឃុំជាមួយគ្នាកំពុងរត់គេចខ្លួន។
នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះឆ្លងទូកដរ របស់ឈ្មោះសួ ស៉ីម យកបន្លែមកលក់នៅត្រើយខាងលិច លុះពេលលក់អស់ជនរងគ្រោះអង្គុយរាប់លុយ ថ្លៃលក់បន្លែ ពេលនោះមិនដឹងជាមានរឿងអ្វី ស្រាប់តែជនសង្ស័យដើរ មកពីខាងលិច ដោយដៃមានកាន់ពូថៅ ចូលមកកាប់ជនរងគ្រោះចំក្បាល ផ្នែកខាងក្រោយចំនួន០២ ពូថៅ បណ្តាលឲ្យរងរបួសជាទម្ងន់ ភ្លាមៗនោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន តែដោយសារស្ថាភាពរបួសធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យភ្នំពេញ ដើម្បីជួយសង្គ្រោះអាយុជីវិត៕