(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយផធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្ញើសារជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងកងទ័ពជើងគោក ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម នៃទិវាចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ ២០២៤ តាងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូននូវការសាកសួរសុខទុក្ខ ពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រឡាញ់យ៉ាង ជ្រាលជ្រៅបំផុតចំពោះនាយទាហាន និងពលទាហានទាំងអស់ នាយទាហានរង ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លង បានខិតខំពុះពារជម្នះ រាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិ ក៏ដូចជាការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ មាតុភូមិជាទីស្នេហានៃយើង ឲ្យមានភាពរីកចម្រើន និងគង់វង្ស។

ខ្ញុំសូមបួងសួងចំពោះគុណបុណ្យ ព្រះរតនត្រ័យគុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានសព្ទសាធុ ការពរបវរមហាប្រសើរជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃអាយុយឺនយូរសម្រេចបានជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិជាទីស្នេហានយើង។

ក្នុងឱកាសនេះ សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង ពលទាហាន យុទ្ធជន យុទ្ធនារីទាំងអស់ ដែលកំពុងបំពេញភារកិច្ចជំនាញ និងកំពុងឈរជើងការពារបូរណភាព ទឹកដី និងសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មានសុខភាពល្អ កម្លាំង មាំមួន ដើម្បីសម្រេចបានជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដែលជាទំនុកចិត្តរបស់ប្រជាជនយើងទាំងមូល៕