(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ សម្តេចបាននឹងកំពុងធ្វើដំណើរតាមរថយន្ត ចាកចេញពីខេត្តកំពង់ចាម ដែលជាខេត្តកំណើតរបស់សម្តេច ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ រួមទាំងពិនិត្យមើលសមិទ្ធផលជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា «នៅពេលនេះខ្ញុំកំពុងធ្វើដំណើរចេញពីខេត្តកំពង់ចាម ឆ្ពោះមកកាន់ខេត្តព្រះវិហារ ដែលបានចេញដំណើរតាំង ពីម៉ោង៥៖០០ព្រឹក ដើម្បីចុះមកពិនិត្យសមិទ្ធផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូន ក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដល់ប្រជាពលរដ្ឋយើង»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសូមការអភ័យទោស ដែលមិនបានចុះសួរសុខទុក្ខបប្អូនអាជីវករខេត្តកំពង់ចាម ប៉ុន្តែសម្តេចតេជោ អះអាងថាសម្តេច នឹងវិលមកជួបបងប្អូននៅពេលឆាប់ៗនេះ។
សម្តេចតេជោបានឲ្យដឹងទៀតថា សន្តិភាពដែលរកបានតាមរយៈនយោបាយឈ្នះ ឈ្នះ អនុញ្ញាត្តិឱ្យប្រជាជនរាប់ទាំងរូបសម្តេច អាចធ្វើដំណើរបានទាំងយប់ ដោយគ្មានការភ័យខ្លាច ដូចពេលប្រទេសមានសង្គ្រាមនោះឡើយ ហើយសម្តេចពិតជាមានការរីករាយ ដោយបានពិនិត្យឃើញសកម្មភាព ប្រជាជនតាមដងផ្លូវដែលសម្តេចឆ្លងកាត់រាប់ទាំងចំការកៅស៊ូ នៃស្រុកចំការលើផង។ សម្តេចសង្ឃឹមថា ជនរួមជាតិនឹងរួមជាមួយសម្តេច ដើម្បីការពារសន្តិភាពសំរាប់់បន្តការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាបន្តទៀត៕