(ភ្នំពេញ)៖ ប្រតិទិនឆ្នាំចាស់ ឆ្នាំ២០២៣ បានរសាត់ផុតទៅ ហើយចូលមកជំនួសវិញ ដោយសន្លឹកថ្មី និងដំបូង នៃប្រតិទិនឆ្នាំថ្មី ឆ្នាំ២០២៤។ ធ្មិចបើក! ធ្មិចបើក! រយៈពេល ៨៧៦០ម៉ោង ៣៦៥ថ្ងៃ ១២ខែ នៃឆ្នាំ២០២៣ បានកន្លងផុតទៀតហើយ ជាមួយរឿងរ៉ាវដែលមានរសជាតិផ្សេងៗគ្នា ផ្អែម ល្វីង ប្រៃ និង ជូរចត់ ហាក់នៅដិតដាមថ្មីៗនៅឡើយ។
ពេលវេលាវាហាក់ដូចជាយឺតណាស់ សម្រាប់អ្នកអង្គុយទន្ទឹងរង់ចាំរឿងដែលល្អ។ ប៉ុន្តែវាហាក់ដូចជាមានល្បឿនយ៉ាងលឿនលយ នៅពេលយើងកំពុងជួបរឿងល្អទៅហើយនោះ។
ឆ្នាំ២០២៣ ជាឆ្នាំមួយត្រូវបានគេគិតថាជារឿងល្អបើធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ ដែលសុទ្ធសឹងជាឆ្នាំតោងទាមដោយជំងឺឆ្លងកូវីដ១៩។ ២០២៣ ទោះមិនមានតោងទាមដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែវិបត្តិបង្កដោយជំងឺកូវីដ១៩ បញ្ហាសង្គ្រាម និងបញ្ហាពិភពលោកជាច្រើនដទៃទៀត ក៏បានបង្កើតទៅជាភាពស្មុគស្មាញជាច្រើនសម្រាប់មនុស្សលើភពផែនដី ក៏ដូចជាប្រជាពលរដ្ឋខ្មែរ។
រាប់ចាប់ពីប្រជាកសិករ ពាណិជ្ជករ សិស្ស និស្សិត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រហូតដល់ប្រមុខដឹកនាំស្ថាប័នកំពូលៗ របស់ជាតិ រួមនិងអ្នកនយោ សុទ្ធតែបានបង្ហាញភាពមមាញឹករៀងៗខ្លួន នៅក្នុងតួនាទីភារកិច្ច ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត។
ពេញមួយឆ្នាំ២០២៣នេះ ក្នុងគ្រួសារខ្មែរខ្លះ ក៏បានជួបរឿងសប្បាយរីករាយ ជាមួយការជម្នះបានឧបសគ្គ និងរកឃើញនូវសមិទ្ធផលថ្មី។ តែក៏មានគ្រួសារខ្លះទៀត ក៏មិនបានជួបរឿងល្អ នាំមកនូវភាពសប្បាយរីករាយនោះដែរ ហើយបែរជាត្រូវញ៉ាំញីដោយរឿងរ៉ាវស្មុគស្មាញជាច្រើន ដូចខ្សែអំបោះជំពាក់មុខស្រាយមិនចេញ។ ទោះបីជួបស្ថានភាពបែបណា ក៏សុទ្ធតែជារឿងរីករាយសម្រាប់ជីវិតផងដែរ ព្រោះថ្នាក់គ្រប់គ្នាសុទ្ធតែបានប្រឹងប្រែងជម្នះបញ្ហា ការលំបាកទាំងឡាយពេញមួយឆ្នាំ២០២៣ ដោយជោគជ័យ។
សម្រាប់អង្គភាពព័ត៌មាន Fresh News វិញ ឆ្នាំ២០២៣ ជាឆ្នាំដ៏មមាញឹកក្នុងការឈរជើងលើវិថីនៃការផ្សព្វផ្សាយ ព្រោះថាឆ្នាំ២០២៣ ជាឆ្នាំដែលជាតិរបស់យើងមានព្រឹត្តិការធំៗជាច្រើន មានដូចជា ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង ការបោះឆ្នោតជ្រើសរើសសមាជិកសភា និងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាដើម។ ព្រឹត្តិការណ៍ទាំងនេះសុទ្ធសឹងជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតរបស់ជាតិ ហើយក៏បាននាំឱ្យបណ្តាញផ្សព្វផ្សាយត្រូវមមាញឹកផងដែរ។
ទោះបីជាយ៉ាងណាក្នុងដំណើរការលើសមរភូមិព័ត៌មាន ទាំងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់រូបមកពីគ្រប់ផ្នែក បានមូលចិត្ត មូលគំនិតពួតដៃជាកម្លាំងដ៏ខ្លាំងក្លាមួយ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងសម្បូរបែបជូនដល់មិត្តអ្នកអាន។
ក្នុងនាមជាអ្នកប្រតិបត្តិ (CEO) នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែក ដែលបានរួមគ្នាជាកម្លាំងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណី ហើយស្រេក ឃ្លានការងារដូចជាចំណីគ្រប់ពេលវេលា។
ខ្ញុំសង្ឃឹមថា បើទោះបីឆ្នាំចាស់ផុតទៅ ជំនួសដោយទំព័រឆ្នាំថ្មីយ៉ាងណាក្តី តែទឹកចិត្តដ៏មុះមុតរបស់បុគ្គលិកទាំងអស់ និងមិនប្រែថ្មី នៅតែបន្តរក្សាប្រមូលគ្នាជាកម្លាំង ហើយកាន់តែខ្លាំងជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ គឺការផ្តល់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ លឿនរហ័ស និងសម្បូរបែបជូនដល់មិត្តអ្នកអាន។
ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលនេះ ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដែលជាការបន្តក់នូវទឹកអម្រឹតប្រោសព្រំផ្តល់ដង្ហើមឱ្យ Fresh News អាចឈរជើងលើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ន។
ជាមួយការចាប់ផ្តើមនូវទំព័រជីវិតថ្មី ក្នុងឆ្នាំថ្មី ឆ្នាំ២០២៤ ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតន ត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូល តាមជួយអភិបាលប្រោស ព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បាន សមប្រកបតែសេចក្តីសេចក្តីចម្រើន វិបុលសុខ និងពរជ័យគ្រប់ប្រការនៅក្នុងជីវិត។ សូមទទួលបានជោគជ័យគ្រប់ការងារ ភារកិច្ច និងរបរអាជីវកម្ម៕
លឹម ជាវុត្ថា, អគ្គនាយកបណ្តាញព័ត៌មាន Fresh News