(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងកងអនុសេនាតូច អន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមេចែកចាយគ្រឿងញៀននោះដោយធ្វើការ ដកហូតយកក្រាមពណ៌សថ្លាចំនួន ៥១កញ្ចប់តូច។

ប្រតិបត្តិការចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងនៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវ៦០៨ ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពោលនៅក្បែរវត្តនាគវ័ន។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ថា គន្ធា ហៅធា ភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបណ្ដោះអាសន្នក្នុងយានដ្ឋានជួសជុលរថយន្តយីហោ ទឹមពៅ ផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិគៀនជ្រៃ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្រ្តីនគរបាលបានបន្តទៀតថា ក្រៅពីការដកហូតបានថ្នាំញៀនទាំង៥១កញ្ចប់នោះ កម្លាំងប្រតិបត្តិការបានដកហូតម៉ូតូមួយគ្រឿងម៉ាក Future ពណ៌ខ្មៅ ទូរស័ព្ទមួយគ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕