(ភ្នំពេញ)៖ ​លោក អ៉ឹម អរុណគង់ហុង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានចេញមកបញ្ជាក់ថា រថយន្ត Ford Ranger Wildtrak ដែលបើកប៉ះជាមួយម៉ូតូមួយគ្រឿង រួចបើកកិនស្រ្តីម្នាក់ នៅខណ្ឌសែនសុខ នាំឲ្យមានការរិះគន់យ៉ាងខ្លាំង នៅតាមបណ្តាញសង្គមនោះ គឺរថយន្តនេះត្រូវបានលោកលក់ឲ្យគេយូរហើយ ខណៈខ្លួនមិនពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរាចរណ៍បុករត់នេះឡើយ។

ជាមួយគ្នានេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់ថា រថយន្តមួយគ្រឿងនេះតាមសេចក្តីរាយការណ៍មកថាលក់តគ្នាច្រើន ហើយនៅថ្ងៃស្អែកនេះសមត្ថកិច្ចជំនាញ នឹងហៅម្ចាស់រថយន្តដើមមកសួរនាំ ដើម្បីបំភ្លឺតាមស្វែងរកអ្នកទិញបន្ត ចាត់ការបន្តតាមនីតិវិធី ពោលត្រូវរកឲ្យឃើញអ្នកបើករថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ។

លោក អ៉ឹម អរុណគង់ហុង បានបង្ហាញលិខិតទិញលក់រថយន្តមួយគ្រឿងនោះ កាលពីថ្ងៃទី៨ ខែ៨ ឆ្នាំ២០២៣ ត្រូវបានលក់ឲ្យឈ្មោះ សាង ពិសិដ្ឋ។ ក្រោយមក ក៏ឃើញថា រថយន្តដដែល ត្រូវបានឃ្លាំងសានសំណាងលក់ឲ្យឈ្មោះ ទូច ពណ្ណរាយ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ផងដែរ។

លោកបានបញ្ជាក់ថា «សូមសាធារណជនមេត្តាជ្រាបថា ឡាននេះត្រូវបានលក់ឲ្យម្ចាស់ថ្មីរួចមកហើយ និងរាល់ករណីកើតហេតុបើកបុករត់ មិនមានជាប់ពាក់ព័ន្ធលើរូបខ្ញុំឡើយ។ ខ្ញុំបាទសូមស្នើសុំទៅដល់ Fresh News ជួយផ្សព្វផ្សាយលិខិតជូនដំណឹងនេះ ជាសាធារណៈកុំឲ្យមានការភាន់ច្រឡំទៀតផង»។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលខ្លួនមកសារភាព​ ក្រោយបើកប៉ះ និងកិនជនរងគ្រោះបើកម៉ូតូបណ្តាលឲ្យរងរបួសនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «អធិការខណ្ឌសែនសុខ បានលិខិតកោះហៅអ្នកបើកឡានឲ្យចូល ប៉ុន្តែយើងក៏ឲ្យកម្លាំងជំនាញតាមស្វែងរក ដើម្បីនាំខ្លួនមកសួរនាំផងដែរ»។

រថយន្ដ Ford Pick Up មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BS-6644 បើកប៉ះជាមួយម៉ូតូ រួចបន្ដកិនពីលើបណ្ដាលឲ្យរងរបួស ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើទោះបីហេតុការណ៍នេះ ជនរងគ្រោះមិនគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក្ដី តែបានបង្ហាញពីភាពអមនុស្សធម៌ គ្មានសុជីវភាព និងឃោឃៅរបស់អ្នកបើកបរ ដែលគ្មានស្មារតីទទួលខុសត្រូវចំពោះ សកម្មភាពរបស់ខ្លួន។ តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា រថយន្ដនេះកៀរម៉ូតូបណ្ដាលឲ្យដួល ហើយមិនឈប់ចុះមើលជនរងគ្រោះនោះទេ បែរជាបើកកិនពីលើកហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

មកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ​លោក អ៉ឹម អរុណគង់ហុង ក៏បានចេញមកបញ្ជាក់ថា ខ្លួនមិនមែនជនជនបង្កហេតុទេ។ លោកសង្ឃឹមថា ជនបង្កហេតុនឹងចេញមុខទទួលខុសត្រូវ កុំឲ្យមានការយល់ច្រឡំលើលោក៕