(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។
ក្នុងឱកាសដ៏ឧត្ដុងឧត្ដមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត បួងសួងដល់បារមី ព្រះមហាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមអភិបាលប្រោះព្រំគ្រងរក្សា ព្រះអង្គទាំងទ្វេ មានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានុរាស្ត្រជាកូនចៅ រស់នៅក្នុងសេចក្ដីសុខក្សេមក្សាន្ត ឆ្ពោះទៅកាន់វឌ្ឍនភាពជានិច្ចនិរន្តរ៍ និងចម្រុងចម្រើនថ្កុំថ្កើនទូទាំងព្រះនគរ៕