(កំពង់ចាម)៖ ពេញមួយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចលើទឹកដីខេត្តកំពង់ចាម ដែលជាទីកំណើតនោះ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់អគារសិក្សាជាច្រើនបន្ទប់ ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សជាធនធាន ដ៏សំ ខាន់របស់កម្ពុជា ព្រមទាំងបានដោះស្រាយបញ្ហាមួយចំនួនធំរបស់ប្រជាពលរដ្ឋផងដែរ។
នៅវេលាម៉ោងជាង ៧ព្រឹកក្បួនរថយន្តរបស់សម្តេចតេជោ ហ៊ុន សែន បានឆ្ពោះទៅកាន់អនុវិទ្យាល័យបឹងកុក ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ ការធ្វើដំណើរទៅកាន់អនុវិទ្យាល័យនេះ ធ្វើឡើងតាមសំណើរបស់នាយកអនុវិទ្យាល័យ លោក ឈឹម ចាន់ធឿន ដែលបានស្នើតាមទំព័រ Facebook របស់សម្តេចឲ្យជួយសាងសង់អគារសិក្សា ដើម្បីបំពេញតម្រូវការរបស់សិស្សានុសិស្ស។
ក្រោយពីបានពិនិត្យសភាពជាក់ស្តែងនៅក្នុងអនុវិទ្យាល័យបឹងកុក សម្តេចតេជោ ហ៊ុន សែន បានសម្រេចវាយអគារចាស់មួយខ្នងពីរជាន់ ៨បន្ទប់ បន្សល់ពីឆ្នាំ១៩៦២ ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំងចោល ហើយសម្រេចផ្តល់អគារសិក្សាថ្មីកម្ពស់ ៣ជាន់ ស្មើនិង១៨ បន្ទប់។ សម្តេចតេជោ ក៏បានផ្តល់អគារទីចាត់ការមួយខ្នង ៣បន្ទប់ និងជួយសាងសង់ទីធ្លាសាលាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងឲ្យក្រុមការងារពន្លឿនការសាងសង់អគារសិក្សាថ្មីនេះ ឲ្យទាន់ពេលសិស្សកំពុងវិសមកាល។
លោក ឈឺម ចាន់ធឿន ដែលជានាយកអនុវិទ្យាល័យ បានសម្តែងក្តីភ្ញាក់ផ្អើល ដោយមិននឹកស្មានសម្តេចតេជោ មកសម្រេចបំណងរបស់លោក ក៏ដូចជាសិស្សានុសិស្សក្នុងអនុវិទ្យាល័យបឹងកុកនោះឡើយ។ លោកនាយកអនុវិទ្យាល័យ បានឲ្យដឹងថា លោកធ្លាប់បានធ្វើសំណើតាមរយៈអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រសួងជាច្រើនដងមកហើយ ឲ្យជួយសាងសង់អគារសិក្សាតែមិនបានសម្រេចនោះឡើយ។
បន្ទាប់ពីនាំស្នាមញញឹម និង ភាពរីករាយជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅអនុវិទ្យាល័យបឹងកុករួចហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តដំណើរជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធនៅសាលាខេត្តកំពង់ចាម។
ក្នុងកិច្ចសំណេះសំណាលនេះ បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ច ប្រជុំនេះ សម្តេចបានសម្រេចដកយកផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពីធនាគារពិភពលោក មកឲ្យអាជ្ញាធរខេត្តកំពង់ចាមស្ថាបនាវិញ បន្ទាប់ពីធនាគារពិភពលោកបានពន្យារការសាងសង់អស់ជាច្រើនឆ្នាំ និងកំពុងធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរខ្លាំង។ សម្តេចតេជោ បានចាត់ចែងក្រុមជំនាញចុះសិក្សាជាបន្ទាន់ ដើម្បីកំណត់ថា ត្រូវចាក់បេតុង ឬ ប្រើកៅស៊ូ ហើយត្រូវធ្វើឲ្យហើយមុនពេលបោះឆ្នោត។
សម្តេចតេជោ បានបញ្ជាក់ថា នេះជាដំណោះស្រាយឆ្លើយតបសំណើអ្នកលេង Facebook ឈ្មោះ LE Moon ដែលបានស្នើតាម Facebook របស់សម្ដេចតេជោ។ ក្នុងកិច្ចសំណេះសំណាលដដែលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឲ្យចេញ ស.ជ.ណ កាត់ដីចេញពីសារពើពន្ធរបស់រដ្ឋចំនួន០៣កន្លែងក្នុងខេត្តកំពង់ចាមជូនប្រជាពលរដ្ឋ ដែលធ្លាប់បានរស់ទីនេះយូរមកហើយ។
ដីទាំង៣កន្លែង ដែលកាត់ឲ្យប្រជាពលរដ្ឋនោះ ទី១. គឺដីឃ្លាំងពាណិជ្ជកម្មស្រុកចំការលើ កាត់ជូនប្រជាពលរដ្ឋចំនួន ៦២គ្រួសារ, ទី២. ដីឃ្លាំងស្រុកស្រីសន្ធរ កាត់ជូនប្រជាជនចំនួន ០២គ្រួសារ និងទី៣. ដីអតីតមណ្ឌលយុទ្ធជនពិការមន្ទីរសង្គមកិច្ច កាត់ជូនប្រជាជនចំនួន ២៩គ្រួសារ។ សម្ដេចតេជោ បានបញ្ជាក់ប្រាប់អាជ្ញាធរខេត្ត និង មន្ទីរពាក់ព័ន្ធ ត្រូវសហការធ្វើការងារនេះ ព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធជូនពួកគាត់ឲ្យបានលឿនបំផុត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំអាជ្ញាធរខេត្តផ្សព្វផ្សាយសារាចរស្តីពីការគ្រប់គ្រងផ្សារ ដែលទើបសម្រេចនានាពេលថ្មីៗឲ្យបានទូ លំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះ ចែកជូនអាជីវករតាមផ្សារនីមួយៗឲ្យបានដឹង និង ជ្រួតជ្រាបគ្រប់គ្នា។
សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបបទល្មើសផ្សេងៗ និងការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានា ដល់សុវត្ថិភាព នៃការរស់នៅ និង ការប្រកបរបរការងារផ្សេងៗ របស់ប្រជាពលរដ្ឋ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានជំរុញមន្រ្តីយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរជូនប្រជាពលរដ្ឋឲ្យបានលឿន និង មានប្រសិទ្ធភាពបំផុត។ សម្តេចនាយករដ្ឋមន្រ្តី បានក្រើនរំលឹកមន្រ្តីក្នុងខេត្តកំពង់ចាមថា ធ្វើមន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ឲ្យអស់ភាពអសកម្មនានា។
សម្តេចតេជោ ក៏មិនភ្លេចផងដែរ ដោយក្រើនរំលឹកកងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការ ដើម្បីប្រមូលពន្ធឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារតំបន់ការពារ និងតំបន់អភិរក្សរួមមានដូចជាវត្តអង្គរ វត្តទឹកឆា ភ្នំហាន់ជ័យជាដើម ជាពិសេសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានលឿនបំផុត។
ក្រោយបញ្ចប់កិច្ចសំណេះសំណាលជាមួយមន្រ្តី និង កងកម្លាំងប្រដាប់អាវុធនៅសាលាខេត្តកំពង់ចាម បើទោះបីក្រោមអាកាសធាតុក្តៅ បន្តិច ហើយម៉ោងជិត ១១ថ្ងៃទៅហើយក្តី សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តដំណើរទៅជួបសំណេះសំណាល និង រៀបចំអាហារជូនសិស្សៗ កុមារពិការភ្នែក និងគថ្លង់ នៅអង្គការគ្រួសារថ្មីខេត្តកំពង់ចាមផងដែរ។
ក្នុងកិច្ចចុះសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍ប្រកបដោយក្តីស្រឡាញ់ពីសំណាក់សិស្ស និងកុមារពិការភ្នែក និងគថ្លង់។ សម្តេចតេជោ ហ៊ុន សែន ក៏បានដើរសំណេះសំណាលតាមតុអាហារ និង បានចាប់អាហារដោយផ្ទាល់ជូនសិស្សៗ និងកុមារពិការភ្នែក និង គថ្លង់។
ក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧត្ថម្ភថវិកាដល់សិស្ស និងកុមារពិការភ្នែក និងគថ្លង់ ព្រមទាំងគ្រូៗ និង អង្គការមួយចំនួនផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតផ្ញើសារដល់សាធារណជនទូទៅកុំឲ្យប្រើពាក្យប្រមាថលើជនពិការដូចជាការហៅថា អាខ្វាក់ អាខ្វិន អាគ អាថ្លង់ជាដើម។ សម្តេចតេជោ បានបញ្ជាក់ថា ការហៅបែបនេះធ្វើឲ្យជនពិការឈឺចាប់ជាងរងរបួសទៅទៀត។
សម្តេចបានលើកទឹកចិត្តដល់សិស្ស និង កុមារពិការភ្នែក និងគថ្លង់ថា បើទោះបីពួកគេពិការកាយសម្បទាក្តី តែពួកគេក៏មានសមត្ថភាពអាចធ្វើអ្វីៗដូចមនុស្សមានកាយសម្បទាធម្មតាផងដែរ។ សម្តេចតេជោ បានលើកជាឧទាហរណ៍ថា ដូចជារូបសម្តេចបើទោះបីពិការភ្នែក តែសម្តេចអាចធ្វើជានាយករដ្ឋមន្រ្តី ហើយនៅឯប្រទេសថៃវិញ បើទោះបីព្រះមហាក្សត្រថៃពិការព្រះនេត្រ តែព្រះអង្គអាចគ្រប់គ្រងប្រទេសបាន។
បន្ទាប់ពីសំណេះសំណាលជាមួយសិស្ស និងកុមារពិការ និងគថ្លង់ សម្តេចតេជោ ហ៊ុន សែន នៅក្រោមកំដៅព្រះសូរ្យសែងដ៏ក្តៅសម្តេចក៏បន្តដំណើរទៅជួបសំណេះសំណាលជាមួយសិស្សគរុកោសល្យ និងវិក្រិតការខេត្តកំពង់ចាម ដែលនៅជាប់គ្នាជាមួយអង្គការគ្រួសារថ្មី។ ជាមួយដំណើរចូលដល់ខ្លោងទ្វារគរុកោសល្យ និង វិក្រិតការខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន ត្រូវបានគរុសិស្សស្រែកហ៊ោស្វា គមន៍យ៉ាងកងរំពងជាមួយការរត់ឱបយ៉ាងត្រសងបង្ហាញពីក្តីស្រឡាញ់ចំពោះមេដឹកនាំប្រទេសរបស់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន និង គរុសិស្សបានជជែកសំណេះសំណាលជាមួយគ្នាក្រោមកម្តៅថ្ងៃយ៉ាងស្និទ្ធស្នាលដោយមិនការប្រកាន់ឋានៈ យសសក្តិអ្វីនោះឡើយ។ បន្ទាប់ពីសំណេះសំណាល និងសាកសួរពីបញ្ហាមួយចំនួននៅក្នុងសាលាគរុកោសល្យនេះហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់អគារស្នាក់នៅមួយខ្នងពីរជាន់ស្មើនិង ១០បន្ទប់ សម្រាប់ឲ្យគរុសិស្សបានស្នាក់នៅសមរម្យ។ សម្តេចតេ ជោ ក៏បានបញ្ជាឲ្យជួសជុលអគារនាពេលបច្ចុប្បន្នមួយចំនួន។ តបតាមសំណើរបស់គរុសិស្សសម្តេចតេជោ ក៏បានឧបត្ថម្ភថ្លៃដំណើរកម្សាន្តរបស់គរុសិស្ស និងគ្រូៗទៅកាន់ខេត្តសៀមរាបផងដែរ។
ក្រោយជំនួបសំណេះសំណាល ដោះស្រាយបញ្ហា និងថតរូបអនុស្សាវរីយ៍រួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តដំណើរ ចូលទៅពិនិត្យអគារសិក្សានៅក្នុងសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដែលនៅទល់មុខគ្នា និងសាលាគរុកោសល្យ និងវិក្រិតការ ខេត្តកំពង់ចាម។
ដោយមើលឃើញភាពចាំបាច់ និងតបតាមសំណើរបស់គ្រូ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់អគារសិក្សាមួយខ្នងស្មើនិង ២៤បន្ទប់ ព្រមទាំងជួយសាងសង់អគារស្នាក់នៅមួយខ្នងពីរជាន់ស្មើនិង១០ និងជួយជួសជុលបន្ទប់សិក្សាប្រមាណ ១៨បន្ទប់ផងដែរ។
ក្នុងកិច្ចសំណេះសំណាលជាមួយគ្រូក្នុងសាលាគរុកោសល្យភូមិភាគនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតប និង ប្រតិកម្មខ្លាំងៗចំពោះគណបក្សប្រឆាំង និង អ្នកវិភាគមួយចំនួន ដែលបានលើកឡើងថា ការផ្តល់អគារសិក្សា និង ជួបសិស្សតាមសាលា ដើម្បីស្វែងរកសន្លឹកឆ្នោត និង ប្រជាប្រិយភាព។
សម្តេចតេជោ ហ៊ុន សែន បានហៅការលើកឡើងទាំងនេះ ជាទង្វើហួសហេតុមួយក្នុងការចោទប្រកាន់មកលើគណបក្សប្រជាជន និងរូបសម្តេច។ សម្តេចតេជោថា ការផ្តល់អគារសិក្សានេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់សិស្ស ហើយក៏ជាការចូលរួមពង្រឹងវិស័យអប់រំនៅ កម្ពុជាផងដែរ។
សម្តេចតេជោ បានចោទជាសំណួរថា ហេតុអ្វីរាល់ពេលបក្សប្រឆាំងចុះធ្វើសកម្មភាពតាមសាលាបែរជាលើកឡើងថា ជាការបញ្ចេញមតិ ដល់ពេលសម្តេចចុះវិញបែរជាចោទថា ជាការធ្វើនយោបាយទៅវិញ? សម្តេចតេជោ សូមឲ្យការរិះគន់របស់គណបក្សប្រឆាំង និង អ្នកវិ ភាគសង្គមផ្សេងៗមានតម្លាភាព ហើយត្រូវគោរពលើសិទ្ធិបញ្ចេញមតិ និងការសម្រេចរបស់សិស្សៗ និង លោកគ្រូ អ្នកគ្រូ។
លុះដល់ម៉ោងប្រមាណ ៤រសៀលសម្តេចតេជោ ហ៊ុន សែន ក៏បានចុះទៅអុជធូបគោរពវិញ្ញាណលោកយាយលោកតារបស់សម្តេចនៅក្នុងវត្តដីដុះ ហើយបន្ទាប់មកសម្តេចបានបន្តចុះជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋនៅលើសួនច្បារតាមដងទន្លេមេគង្គផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងខេត្តកំពង់ចាម ជាមួយនិងការជិះនាវាទេសចរណ៍កម្សាន្តនៅលើដងទន្លេមេគង្គរយៈពេលប្រមាណ ៣០នាទី។ នៅលើនាវាទេសចរណ៍នោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអនុស្សាវរីយ៍មួយចំនួនកាលពីនៅជាយុទ្ធជនតស៊ូផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការថតរូបអនុស្សាវរីយ៍ជាមួយបុគ្គលិកបម្រើនៅលើនាវាទេសចរណ៍ និង បានផ្តល់ថវិកាជូនបុគ្គលិកទាំង ២៧នាក់ម្នាក់ៗ ១០ម៉ឺនរៀល។
ក្រោយចុះពីលើនាវា មុនឡើងរថយន្តត្រឡប់ទៅកាន់កន្លែងសម្រាន្ត សម្តេចតេជោ ក៏បានផ្តល់ការថតរូបអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋយ៉ាងច្រើន ដែលឈររង់ចាំសម្តេចនៅច្រាំងទន្លេប្រកបដោយភាពសប្បាយរីករាយ និង ស្និទ្ធស្នាល។
សូមបញ្ជាក់ខេត្តកំពង់ចាម គឺជាខេត្តទី១៥ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ បន្ទាប់ពីការដាក់ចេញយុទ្ទនាការ ចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តក្នុងរយៈពេលប្រមាណ ១ខែមកនេះ៕