(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ជាមួយលោក Yang Chuantang រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាទៅលើបញ្ហាមួយចំនួនជាពិសេសការពង្រឹងនូវការកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនៅកម្ពុជា។ ក្នុងជំនួបសំណេះសំណាលនោះ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនចិន បានប្តេជ្ញាថា នឹងជួយកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនៅកម្ពុជា ឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ និង ថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រជាបន្តដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណងដល់កម្ពុជា ដើម្បីសាងសង់ផ្លូវថ្នល់ប្រវែងជាង ២.០០០គីឡូម៉ែត្រ និងស្ពានប្រវែងសរុបជិត ៧គីឡូម៉ែត្រ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកជាមួយលោក Yang Chuantang ស្តីអំពីបញ្ហាផ្សេងៗ ទាក់ទង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ភ័ស្តុភារដឹកជញ្ជូន ផែនការមេ និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយវិថីមួយ និងវិថីសូត្រសមុទ្រ ដែលបានបង្កើតឡើង ដោយសាធារណរដ្ឋប្រជាមានិតចិន។ លោកបានគូសបញ្ជាក់ថា កម្ពុជាជាសមាជិកស្ថាបនិកដើមមួយក្នុងចំណោមសមាជិកស្ថាបនិកនានា នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជំរុញគាំទ្រដោយសាធារណរដ្ឋ ប្រជាមានិតចិន។ កម្ពុជារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីគំនិតផ្ដួចផ្ដើមទាំងនេះសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោក ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រពីសមភាគីទាក់ទងនឹងការកសាងសមត្ថភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ក្នុងកិច្ចសំណេះសំណាលនេះ លោករដ្ឋមន្រ្តី Yang បានប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តជួយដល់កម្ពុជា លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើងដល់ការអភិវឌ្ឍធនធានមនុស្ស។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបានស្នើឱ្យក្រសួងទាំងពីររៀបចំចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីកសាងសមត្ថភាព។
លោករដ្ឋមន្ត្រី Yang ក៏បានយល់ព្រមជាមួយនឹងសំណើរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងការបង្កើតគណៈកម្មការរួមមួយ ឬក្រុមការងារដែលសមាសភាពចូលរួម ពីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន(MOT) និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្របន្ថែមទៀត លើគ្រប់វិស័យដែលទាក់ទង ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានអញ្ជើញឯកឧត្តម Yang និងគណៈប្រតិភូពីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង រវាងក្រសួងទាំងពីរ ក៏ដូចជាប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕