(អង់ការ៉ា)៖ ជាការសងសឹកចំពោះការបំផ្ទុះគ្រាប់បែកសម្លាប់ជនជាតិខ្លួន ៥៤នាក់ និងរបួស ២០០នាក់កាលពីសប្តាហ៍មុន នៅសប្តាហ៍នេះកងទ័ពតួកគី បានបើកការវាយប្រហារទ្រង់ទ្រាយធំ និងបានផ្តាច់ជីវិតពួក ISIS ចំនួន ៤៦នាក់ នៅភាគខាងជើងស៊ីរី ប៉ុន្តែវាក៏ត្រូវបានរដ្ឋាភិបាលស៊ីរី ប្រកាសថ្កោលទោស ដោយបានចោទថាជាទង្វើរំលោភបំពានទឹកដី របស់ខ្លួន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។
រដ្ឋាភិបាលតួកគី បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធថា ពីដំបូងយោធាតួកគីបានចាប់ផ្តើមបើកការ វាយប្រហារដោយកាំភ្លើងធំ ទៅលើទីក្រុង Jarablus តាមព្រំដែនស៊ីរី ដែលបានធ្វើឡើងតាំងពីម៉ោង ១៖០០នាទី រំលងអាធ្រាតឈានចូលថ្ងៃពុធនេះ។ ផ្សែងហុយខ្មួលខ្មាញ់ចេញពីទីក្រុង ISIS ខាងលើនេះ ត្រូវបានសារព័ត៌មាន CNN ចាប់រូបភាពបានពីទីក្រុង Karkamis របស់ប្រទេសតួកគីផងដែរ។
គួរបញ្ជាក់ថា នេះជាការសងសឹកទ្រង់ទ្រាយធំមួយរបស់តួកគី ដែលបានធ្វើឡើងក្រោយពីបណ្តាញក្រុម ISIS បាន ធ្វើការវាយប្រហារមួយ ទីក្រុង Gaziantep នៅភាគអាគ្នេយ៍ប្រទេស នៅពេលប្រជាជនកំពុងរៀបចំពិធីរៀបការ យ៉ាងសប្បាយរីករាយ បែរជាមានគ្រាប់បែកផ្ទុះឡើងដ៏កក្រើក នាំឲ្យមនុស្សក្មេងចាស់ប្រុសស្រី ៥៤នាក់ស្លាប់ និង ជាង២០០នាក់រងរបួស៕