(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងដំណើរបរិបទប្រវត្ដិសាស្រ្ដនៃអរិយធម៌ពិភពលោក បើនិយាយអំពីសម័យទំនើបនេះ យើងឃើញថា នៅរៀងរាល់ថ្ងៃទី៣១ ធ្នូ នៃឆ្នាំនីមួយៗ ពិធីបុណ្យចូលឆ្នាំ របស់លោកខាងលិច បានក្លាយជាអរិយធម៌សាយភាយពាសពេញពិភពលោក មិនថាជាតិសាសន៍គេ ឬជាតិសាសន៍ខ្មែរយើងនោះទេ ហៅថា «បុណ្យចូលឆ្នាំសកល» ដើម្បីបង្ហាញអំពីឧត្ដមភាព និងភាពសប្បាយរីករាយរបស់បណ្ដាប្រទេសនីមួយៗ ទៅកាន់ពិភពលោក ។

អញ្ចឹងហើយក្នុងពិធីបុណ្យចូលឆ្នាំសកល២០២៣ -២០២៤ យើងឃើញបណ្ដាប្រទេសនានា ជំុវិញពិភពលោក មិនថាបណ្ដាប្រទេសធំ និងប្រទេសតូចនោះទេ បានរៀបចំតុបតែងភ្លើងពណ៌លម្អចម្រុះពណ៌ ការបាញ់កាំជ្រួចទៅតាមប្រពៃណីស្រុកទេសនីមួយៗ ជាហេតុធ្វើឲ្យប្រជាជាតិនានាជុំវិញពិភពលោក កំពុងបើកភ្នែកធំៗរងចាំមើលថា តើមេដឹកនាំបណ្ដាប្រទេសនីមួយៗ មានអ្វីប្រាប់ទៅកាន់ប្រជាជននៅជំវិញពិភពលោក ?

លោក រ័ត្ន សណ្ដាប់ ពោលថា ស្ថិតក្នុងន័យនេះចំពោះកម្ពុជា គឺច្បាស់ណាស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅកម្ពុជាសូមឲ្យអាជ្ញាធរគ្រប់ខេត្ដ-ក្រុងទាំងអស់ត្រូវរៀបចំពិធីបុណ្យចូលឆ្នាំសកលឲ្យបានល្អ ដើម្បីធ្វើការប្រកួតប្រជែងខេត្ដ -ក្រុង ណាមានការរៀបចំល្អជាងគេ។

បានសេចក្ដីថា ចំពោះទស្សនវិជ្ជារបស់សម្ដេចធិបតី ពិធីបុណ្យចូលឆ្នាំសកល២០២៤នេះ «គឺប្រកាសប្រាប់អំពីភាពសប្បាយរីករាយរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់ក្នុងសន្ដិភាព និងការអភិវឌ្ឍដ៏ស្រស់បំព្រង ពុំធ្លាប់មាន៥០០ឆ្នាំដ៏យូរលង់មកនេះ ទៅដល់ប្រជាជាតិនានាជំុវិញពិភពលោក មិនខុសពីប្រជាជនដែលកំពុងរស់ក្នុងសន្ដិភាពនៃបណ្ដាប្រទេសជឿនលឿននានាលើពិភពលោកនោះទេ» ព្រោះប្រទេសនីមួយៗ ក្នុងពិភពលោកនេះមានវិធីផ្ទាល់ខ្លួននិងរៀងៗខ្លួនក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ។

លោក រ័ត្ន សណ្ដាប់ បន្ដថាបើពោលអំពីប្រវត្ដិនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលវិញ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅចក្រភពរ៉ូមដោយ ជូល្យូ ឆេសារ៉េ- Giulio Cesare ដែលធ្វើឲ្យប្រទេសអ៊ីតាលីក្លាយជាកន្លែងកំណើតជាផ្លូវការនៃថ្ងៃចូលឆ្នាំថ្មីនៅឆ្នាំ៤៩ មុនគ.ស. ដោយអធិរាជរ៉ូម៉ាំងបានប្រកាសថា នៅថ្ងៃទី៣១ខែធ្នូ ជាថ្ងៃចុងក្រោយនៃឆ្នាំ គឺថ្ងៃទី១ ខែមករា ជាថ្ងៃចាប់ផ្តើមនៃឆ្នាំថ្មី។ ប្រពៃណីចូលឆ្នាំនៅប្រទេសអ៊ីតាលី គឺជាការជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដោយការញំាអាហារសាច់ជ្រូកតំណាងឲ្យភាពពេញលេញសម្បូរបែបនៃជីវិត សណ្តែកតំណាងឲ្យទ្រព្យសម្បត្តិ ស្រាទំពាំងបាយជូតំណាងឲ្យភាពរុងរឿង និងសំលៀកបំពាក់ ពណ៌ក្រហមមិន​ថា​ អ្នក​ជា​បុរស ឬ​ស្ត្រី​ទេ ការ​ពាក់​ពណ៌​ក្រហម​ នឹង​ជួយ​ឲ្យមាន​សំណាង​ល្អក្នុង​ឆ្នាំ​ខាង​មុខ ពិសេសជនជាតិអ៊ីតាលីចូលចិត្តស្លៀកខោក្នុងពណ៌ក្រហមថ្មី ដើម្បីជាសិរីមង្គលដល់ឆ្នាំថ្មី ។

ទន្ទឹមនឹងនេះ វេលាពាក់កណ្តាលអធ្រាត្រ គេបោះចោលរបស់របរចាស់ៗ និងគ្រឿងសង្ហារឹមចេញតាមបង្អួច ក្នុងគំនិតថា បណ្ដេញឧបទ្រពចង្រៃចេញពីផ្ទះទៅជាមួយរបស់របរចាស់ និងការចូលជាថ្មី នូវអ្វីៗដែលប្រសើរជាងមុននៅឆ្នាំខាងមុខ។

ដូច្នេះក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ គឺកម្ពុជា បានប្រាប់ទៅពិភពលោក អំពីភាពសប្បាយរីករាយរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់ក្នុងសន្ដិភាព និងការអភិវឌ្ឍនៅលើមាតុភូមិអង្គរដ៏ស្រស់បវរនៃយើង គឺដូចទស្សនវិជ្ជារបស់សម្ដេចធិបតី ហើយត្រូវបានប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសអំណរសាទរ គឺការកំណត់យកថ្ងៃទី២៩ធ្នូ ជា « ទិវាសន្ដិភាព» ដើម្បីទុកជាសិរីមង្គលប្រចាំប្រទេសតរៀងទៅ៕