(ភ្នំពេញ)៖ ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានៅវិមានឈ្នះឈ្នះ បានចូលរួមផ្សព្វផ្សាយតាំងបង្ហាញអំពីសកម្មភាព និងស្នាដៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ ដល់ភ្ញៀវជាតិ និងអន្តរជាតិបានដឹង និងសិក្សាស្វែងយល់។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល២៨ឆ្នាំមកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលការពារសន្ដិសុខសណ្ដាប់ធ្នាប់លើបញ្ហាគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា អបអរសាទរនៃខួប២៥ឆ្នាំនៃនយោបាយឈ្នះឈ្នះនេះ គឺអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់តាំងរូបសកម្មភាពមានដូចជាសកម្មភាពរបស់ថ្នាក់ដឹកនាំ និងការរីកចម្រើនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីកកើតតាំងពីឆ្នាំ១៩៩៥មក គិតមកដល់ឆ្នាំ២០២៣នេះ មានរយៈពេល២៨ឆ្នាំហើយ ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពក្នុងវិស័យសន្តិសុខជាតិដែលត្រូវយកចិត្តទុកដាក់។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកសន្តិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវគោលការណ៍ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទាំងអស់ត្រូវរួមគ្នាអនុវត្តឱ្យបាននូវកញ្ចប់ការងារទាំង៥ មានការងារផ្សព្វផ្សាយអប់រំ ការងារអនុវត្តច្បាប់ ការងារព្យាបាលស្ដានីតិសម្បទា និងសមាហរណកម្ម ការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុផ្សំគ្រឿងញៀន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសហគមន៍មានសុវត្ថិភាពតាមរយៈការកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាដែលបង្កឡើងពីគ្រឿងញៀននេះ ដោយប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ស្រទាប់ត្រូវតែបានយល់ដឹងដើម្បីពួកគាត់អាចចូលរួមកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕