(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សួស យ៉ារ៉ា បានហៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា ជាអ្នកប្រកួតដែលបានរត់ចោលសង្វៀន និងការទទួលខុសត្រូវរបស់ខ្លួន ហើយកំពុងតែប្រឆាំងនឹង សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនជនកម្ពុជា ដែលកំពុងចុះស្និទ្ធនឹងប្រជាពលរដ្ឋនៅខេត្តព្រះវិហាររូបនេះ បានធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានផ្សព្វផ្សាយជាថ្មីថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកំពុងខ្លាចរូបលោក ហើយឱ្យលោកចូលសង្វៀនប្រកួត។

ឆ្លើយតបនឹងការលើកឡើងរបស់មេបក្សប្រឆាំង លោក សួស យ៉ារ៉ា បានប្រាប់ Fresh News តាមរយៈសារអេឡិចត្រូនិចមួយ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះថា «លោក សម រង្ស៊ី ជាអ្នកប្រដាល់ក្រៅសង្វៀនដោយមូលហេតុបីយ៉ាង៖

១៖ ប្រដាល់ជាមួយសន្តិភាព បំផ្លាញសន្តិភាព ព្រោះពុំមានតំណាងឱ្យប្រទេស ឬភូមិដែលខ្លួនរស់នៅពិតប្រាកដ
២៖ ប្រដាល់ជាមួយលិទ្ធិប្រជាធិបតេយ្យ ព្រោះដំណើរការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្តើមនៅ នៅថ្ងៃទី ០១ ខែកញ្ញា សម្រាប់ប្រជាជនខ្មែរគ្រប់រូប ប៉ុន្តែរូប សម រង្សី មិនមានសិទ្ធិចុះឈ្មោះទេព្រោះជាទណ្ឌិត ៣- ប្រដាល់ជាមួយនីតិរដ្ឋ ព្រោះលះបង់សិទ្ធិប្រជាជនដោយខ្លួនឯង ហើយរត់ចោលសង្វៀននីតិរដ្ឋ និងការទទួលខុសត្រូវក្នុងនាមជាអ្នកប្រដាល់»។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាននីរទេសខ្លួនឯងទៅក្រៅប្រទេស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយគេចពីការទទួលខុសត្រូវចំពោះមុខច្បាប់ បន្ទាប់ពីតុលាការបង្គាប់ចាប់ខ្លួនទៅអនុវត្តទោស ពាក់ព័ន្ធនឹងការចាញ់ក្តីករណីបរិហារកេរ្តិ៍ លើលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថាជាមេគុកនៅជំរុំបឹងត្របែក ពេលជំនាន់ខ្មែរក្រហម។

រហូតដល់ពេលនេះ លោក សម រង្ស៉ី ប្រធានគណបក្សប្រឆាំង កំពុងញ៉ាំញីដោយពាក្យបណ្តឹង ដោយសារតែការនិយាយចោទប្រកាន់ ទៅបុគ្គលមួយចំនួននៅជួររាជរដ្ឋាភិបាល ក្នុងនោះមាន បណ្តឹងបរិហារ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងទាមទារឱ្យអនុវត្តសាលក្រម និងសាលដីកា, បណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន , បណ្តឹងពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែងបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងបណ្តឹងចោទប្រកាន់គ្មានមូលដ្ឋាន ដែលប្តឹងដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ៕

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា