(ភ្នំពេញ)៖ យុទ្ធជនខ្មែរប្រមាណ៦០០នាក់ ដែលពោរពេញដោយភាពអង់អាចក្លាហាន ត្រូវបានបណ្តុះបណ្តាលជំនាញបាញ់កាំភ្លើងធំ ដើម្បីចូលរួមក្នុងកិច្ចការពារជាតិ និងបូរណភាពទឹកដី។ យុទ្ធជនទាំង៦០០នាក់នេះ បានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយលទ្ធផលល្អប្រសើរ ហើយប្តេជ្ញាចិត្តខ្ពស់យកចំណេះជំនាញទៅបម្រើជាតិមាតុភូមិដោយឥតរួញរានោះឡើយ នៅពេលជាតិត្រូវការ។
បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកិច្ចការពារជាតិ។ ដើម្បីចូលរួមអនុវត្តន៍នយោបាយការពារជាតិឱ្យកាន់តែរឹងមាំនោះ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានជំនាញ និងការហ្វឹកហ្វឺននូវសម្ភារៈបច្ចេកវិទ្យាសព្វាវុធទំនើបៗជាដើម។ សកម្មភាពទាំងនេះ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញកាន់តែរឹងមាំដល់កងទ័ពនៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ។
ឈរលើស្មារតីនេះ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានបើកវគ្គបណ្តុះបណ្តាលជូនដល់កងទ័ពចំណុះបញ្ជាការដ្ឋានជាបន្តបន្ទាប់។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជំនាញកាំភ្លើងធំជំនាន់ទី៦។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមសរុបចំនួន៦០០នាក់ និងមានរយៈពេល៩ខែ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គហ្វឹកហ្វឺននាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ណុប រតនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់យោធាចារ្យក្នុងការផ្ទេរចំណេះជំនាញជូនដល់សិក្ខាកាម។ នាយឧត្តមសេនីយ៍មេបញ្ជាការ ក៏បានថ្លែងកោតសរសើរដល់វីរភាពរបស់សិក្ខាកាមទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារជាកងទ័ពដើម្បីបុព្វហេតុជាតិ ហើយបានប្រឹងប្រែងក្រេបជញ្ជក់យកចំណេះជំនាញពង្រឹងសមត្ថភាពឱ្យក្លាយជាកងទ័ពដ៏ខ្លាំងពូកែត្រៀមបំពេញភារកិច្ចនៅពេលជាតិត្រូវការ។
ក្នុងពិធីនោះនាយឧត្តមសេនីយ៍ ណុប រតនា បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ឱ្យបន្តស្វ័យសិក្សាបន្ថែមទៅលើជំនាញកាំភ្លើងធំ ហើយត្រូវចេះសហការគ្នាឱ្យបានល្អក្នុងពេលប្រតិបត្តិការ។ សម្រាប់នាយឧត្តមសេនីយ៍ ណុប រតនា ការប្រើប្រាស់កាំភ្លើងធំដោយខ្វះសមូហភាពមិនអាចទទួលបានលទ្ធផលល្អប្រសើរនោះឡើយ។
យុទ្ធជន ប៉ិច វិសាល បានចូលបម្រើការងារជាកងទ័ពនៅបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការរយៈពេលមួយឆ្នាំហើយ។ វិសាល ចូលបម្រើកងទ័ព ដោយសារតែចង់ចូលរួមចំណែកក្នុងកិច្ចការពារជាតិ និងបូរណភាពទឹកដី។ មួយវិញទៀត ការមានឪពុកជាអតីតយុទ្ធជន ក៏ជាកត្តាលើកទឹកចិត្តឱ្យ វិសាល ចូលមកបម្រើកងទ័ពនេះផងដែរ។
យុទ្ធជន ប៉ិច វិសាល បានបញ្ចប់ការសិក្សាជំនាញប្រើប្រាស់កាំភ្លើងធំដោយជោគជ័យ។ វិសាល បានអះអាងថា ក្នុងពេលហ្វឹកហ្វឺនពួកគេទទួលបានការបណ្តុះបណ្តាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រូៗ។ វិសាល បានអះអាងថា ជំនាញដែលគេបានរៀនសូត្ររយៈពេលប្រមាណ៩ខែនេះ គឺអាចប្រើការបានគ្រប់ពេលវេលាននៅពេលជាតិត្រូវការ។
បន្ថែមពីលើនេះ វិសាល បានប្តេជ្ញាចិត្តដោយភាពអង់អាចក្លាហានថា នឹងយកចំណេះជំនាញទៅបម្រើជាតិមាតុភូមិដោយឥតរួញរានោះឡើយនៅពេលជាតិត្រូវការ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនខាងលើនេះ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត ណុប រតនា បានរៀបចំអាហារសាមគ្គីជូនដល់សិក្ខាកាមបញ្ចប់ការសិក្សា ក៏ដូចជាការអបអរសាទរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលជូនដល់កងទ័ពនៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការប្រកបដោយក្តីសប្បាយរីករាយ៕