(ពោធិ៍សាត់)៖ លោក ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកស្រី ជា ខេង ស៊ុយសែម នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញកាត់ឬសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពុទ្ធារាម ហៅវត្តភូមិស្ទឹង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានតម្លៃ ប្រមាណជិត៣ពាន់លានរៀល។

ពិធីនេះបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិ៍វង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអ្នកឧកញ៉ា អស់លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធជាកុះករ។

សម្រាប់ពិធីបុណ្យឆ្លងនេះ ត្រូវបានប្រារព្ធធ្វើឡើងរយៈពេល០៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូឆ្នាំ២០២៣ ដោយមានការសម្ដែងធម៌ទេសនា ពីព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងពេលរាត្រីក៏មានការប្រគុំតន្ត្រី លេងល្ខោន និងបាញ់កាំជ្រួច បង្កភាពសប្បាយរីរាយដល់ប្រជាពុទ្ធបរិស័ទផងដែរ។

តាមរបាយការណ៍របស់លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង បានឲ្យដឹងថា សមិទ្ធផលដែលធ្វើពិធីសម្ពោធថ្ងៃនេះ មានតម្លៃជិត៣ពាន់លានរៀល ក្នុងនោះរួមមាន៖ ទី១-ព្រះវិហារថ្មី ដែលចម្លងប្លង់តាមព្រះវិហារចាស់ទាំងស្រុង មានបណ្ដោយ៤១ម ទទឹង២៩ម កម្ពស់១៦ម ដោយចំណាយថវិកាអស់ជាង២ពាន់លានរៀល ក្នុងនោះអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីពម៉ុងគ្រុប បានចូលរួមជួយកសាងដំបូលព្រះវិហារ អស់ថវិកាជាង១០០លានរៀល។ ទី២-ក្លោងទ្វាថ្មី ចំនួន០២ របងចំនួន៦៥ប្រឡោះ ចំណាយថវិកាអស់ជិត៦០០លានរៀល ក្នុងនោះអ្នកឧកញ៉ា ផែ ហុកឈួន និងអ្នកឧញ៉ា អ៊ឹង ស៊ីស្រ៊ន ចូលរួមកសាងក្លោងទ្វារប៉ែកខាងត្បូង ចំណាយថវិការអស់ជាង១០០លានរៀល ព្រមទាំងសប្បុរសជន ចំនួន២៦នាក់ទៀត បានចូលរួមកសាងរបង៤១ប្រឡោះ ចំណាយអស់ថវិកាជិត៨០លានរៀល។ ទី៣-ដងទង់០២ដើម កម្ពស់២១ម ចំណាយថវិកាអស់ជិត៩០លានរៀល។ ទី៤-ផ្លូវ០២ខ្សែ ក្រាលក្រានីត មានផ្ទៃក្រឡា១០៣៥ម៉ែត្រការ៉េ និងចិញ្ចើមផ្លូវប្រវែង៣៩០ម ចំណាយថវិកាអស់ជិត៦០លានរៀល។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោក ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងអាណត្តិទី៦ នៃរដ្ឋសភា បានលើកឡើងថា មូលហេតុដែលនាំឲ្យរូបលោក និងភរិយា សង់ព្រះវិហារនេះថ្មីឡើងវិញ ដោយសារឃើញព្រះវិហារចាស់ទ្រុឌទ្រោមខ្លាំង, ទទួលសំណូមពររបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ និងក្នុងវត្តនេះ មានចេតិយឪពុកម្ដាយរបស់លោក។ លោក ស៊ុយ សែម បន្ថែមថា ការសាងសង់ព្រះវិហារនេះ គឺយើងធ្វើដូចព្រះវិហារដែលចាស់ទ្រុឌទ្រោម សុទ្ធសាធ គ្រាន់តែធ្វើឲ្យថ្មី មាំជាង និងប្រណិតជាង ដើម្បីប្រើប្រាស់យូរអង្វែងតកូនតចៅ និងដើម្បីជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា។

លោកសូមប្រគេន និងប្រគល់សមិទ្ធផលទាំងអស់នេះ ជូនព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សម្រាប់ប្រើប្រាស់ ហើយសូមជួយថែរក្សា ការពារ និងជួយជួសជុលឲ្យបានស្អាតជានិច្ច និងសូមឧទ្ទិសកុសល្យផលបុណ្យ ដែលទទួលបានពីសទ្ធាជ្រះថ្លានេះ ជូនទៅដល់វិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងអស់ ពិសេសពុទ្ធបរិស័ទទាំងអស់ ដែលមកចូលរួមក្នុងពិធីបុណ្យនេះ ទទួលបានបុណ្យស្មើៗគ្នា៕