(កំពង់ចាម)៖ ដីច្រាំងទន្លេដែលមានបណ្តោយ៥០ម៉ែត្រ និងទទឹង២០ម៉ែត្រ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបាក់ស្រុតចូលទឹក នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ដោយសារតែទឹកឡើង និងហូរបុកខ្លាំង។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងឲ្យដឹងថា តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺច្រាំងទន្លេដែលបាក់នេះ នៅសល់តែប្រមាណ៥០ទៅ៦០ម៉ែត្រទៀតប៉ុណ្ណោះ នឹងដល់ផ្ទះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ស្ថិតនៅទីនោះ។
ស្នងការនគរបាលខេត្តកំពង់ចាម បន្តបញ្ជាក់ថា នៅពេលនេះ ដើម្បីដោះស្រាយជាជំហានដំបូងលោកបាន បញ្ជាឲ្យកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍ ដោយធ្វើការរុះរើផ្ទះចំនួន២ខ្នង ដែលអាចប្រឈមបាក់ធ្លាក់ចូលទឹក។
លោកស្នងការបានបន្តទៀតថា ផ្ទះប្រជាពលរដ្ឋដែលកំពុងរុះរើនោះរួមមាន:
១៖ ផ្ទះឈ្មោះ ឡាច សៅ ភេទប្រុសអាយុ៥៣ឆ្នាំ ផ្ទះទំហំ៤x៥ ធ្វើពីឈើរប្រក់ដែក។
២៖ ផ្ទះឈ្មោះឡាច.រិនភេទស្រីអាយុ៧៦ឆ្នាំ ផ្ទះទំហំ៤x៣ធ្វើពីឈើរប្រក់ដែក។
លោកបន្តថា នៅថ្ងៃស្អែកលោកនឹងបញ្ជូនកម្លាំងអន្តរាគមន៍ឈុតធំទៅជួយបន្តទៀត ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិមួយនេះ៕