(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ សូមប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»។

ការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកប ដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ ជាតិមាតុភូមិ។ យើងខ្ញុំទាំងអស់គ្នាមានក្តីសោមនស្សរីករាយក្រៃលែង និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយសារតែភ្លើងសង្គ្រាម។

ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈពេលតិចបំផុត៥០០ឆ្នាំ។ ការផ្តើមពី សុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឲ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គល ដូចពេលបច្ចុប្បន្ននេះ។

ការយកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាការសម្ដែងនូវកត្តញ្ញូធម៌ រលឹកដឹងគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខ សន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» គឺជាការក្រើនរំលឹកដល់ខ្មែរជំនាន់ ក្រោយឲ្យមានស្មារតីរលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្ដាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ ជាតិពីអតីតកាល។ ជាពិសេសបំផុសស្មារតីខ្មែរជំនាន់ក្រោយ បានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឲ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត៕