(កែប)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះខ្លែង ១៤០ ខ្លែង អបអរសាទរ ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល និងអបអរសាទរ ខួបលើកទី៤៥ នៃទិវាបុណ្យជាតិជ័យជំនះ ៧មករា។ នេះបើតាម លោក តុង ភោ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកែប។

លោក តុង ភោ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៣ ឆ្លងចូល២០២៤ និងអបអរសាទរ ខួបលើកទី៤៥ នៃទិវាបុណ្យជាតិជ័យជំនះ ៧មករា( ៧ មករា ១៩៧៩ - ៧មករា ២០២៤) រដ្ឋបាលខេត្តកែប ដែលមានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានរៀបចំពិធីបង្ហើរខ្លែងខ្មែរ នៅឆ្នេរថ្មី ផ្សារក្តាម ក្រុងកែប ខេត្តកែប»។

លោកបានឲ្យដឹងថា ខ្លែងដែលបានចូលរួមសរុបចំនួន ១៤០ ខ្លែង ក្នុងនោះខ្លែងឯកចំនួន ៤០ និងខ្លែងច្នៃប្រឌិតគ្រប់ប្រភេទចំនួន ១០០ខ្លែង។ ខ្លែងដែលមានលក្ខណៈវិនិច្ឆ័យល្អ(សោភណភាព បង្ហើរឡើង ដាក់ចុះ សម្លេងឯក) ទទួលបានចំណាត់ថ្នាក់ ជ័យលាភី លេខ១ លេខ២ និងលេខ៣ អមដោយថវិកា និងរង្វាន់លើកទឹកចិត្តដល់ខ្លែងដែលបានចូលរួមទាំងអស់៕