(ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល នាថ្ងៃទី៣០ ខែធ្នូនេះ បានចេញសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងសម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឧត្តមសេនីយ៍ អ្នកឧកញ៉ា ឧកញ៉ា និងកីឡាករជាច្រើនទៀត ដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧ ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួប២៥ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសឯកសន្តិភាព។

គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី៧ ឆ្នាំ២០២៣ បានចាត់ទុកសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្រ្តនេះកើតចេញពីសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ តេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា រហូតទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ។ សម្តេចតេជោជាគំរូនៃការលះបង់ដ៏ថ្លៃថ្លាបំផុត ដើម្បីធានាភាពបន្តវេននៃការដឹកនាំប្រកបដោយសុវត្ថិភាព និងភាពជឿជាក់។

គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧ ឆ្នាំ២០២៣ សូមគោរពលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមថែរក្សាបីបាច់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមទទួលបាននូវព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត និងសូមគោរពជូនពរដល់ សម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឧត្តមសេនីយ៍ អ្នកឧកញ៉ា លោកឧកញ៉ា និងកីឡាករទាំងអស់ សូមមានសុខភាពល្អបរិបូណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ៕